ចំណាប់អារម្មណ៍របស់គ្រូបង្វឹកក្រុមនារីក្រោយក្រុមរបស់ខ្លួនបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ២

December 24, 2019 - 10:46 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតជម្រើសជើងឯកនារីឆ្នាំ២០១៩បានបញ្ចប់ទៅកាលពីម្សិលមិញនេះ ដោយក្រុមនារីភ្នំពេញក្រោនទទួលបានចំណាត់ថ្នាក់លេខ២ក្រោយប្រកួតចាញ់ក្រុមនារីខេត្តស្វាយរៀងជាមួយនឹងលទ្ធផល ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅសាលាបាល់ទាត់ជាតិបាទី ។ គ្រូបង្វឹកក្រុមនារី ម៉ៅ សាវីន បានសម្តែងអារម្មណ៍ខកចិត្តយ៉ាងខ្លាំងដែលក្រុមរបស់ខ្លួនមិនអាចទទួលបានលទ្ធផលល្អនៅវគ្គផ្តាច់ព្រ័ត្រនេះ តែរូបគេក៏បានពេញចិត្តនូវការខឹតខំរបស់កូនក្រុមរបស់ខ្លួនតាំងពីការប្រកួតដំបូងរហូតដល់ការប្រកួតចុងក្រោយផងដែរ ។

សាវីនបាននិយាយថា៖ « ខ្ញុំពិតជាសោកស្តាយយ៉ាងខ្លាំងដែលមិនអាចទទួលបានជើងឯក ពួកយើងនៅតែបន្តប្រឹងប្រែងព្យាយាមបន្ថែមទៀតសម្រាប់ការប្រកួតឆ្នាំក្រោយ បើសិនជាពួកយើងនៅមានឱកាស ។ ខ្ញុំឃើញថាកូនក្រុមរបស់ខ្ញុំមានការប្រឹងប្រែងខ្លាំងណាស់សម្រាប់ការប្រកួតនៅឆ្នាំនេះ ពួកគាត់ម្នាក់ៗខំប្រឹងខ្លាំងបើទោះបីជាដឹងថាការប្រកួតជាមួយក្រុមស្វាយរៀងមានការលំបាកយ៉ាងណាក៏ដោយ » ។

បន្ថែមពីនេះគ្រូបង្វឹកក្រុមនារីបាននិយាយពីចំនុចរីកចំរើន និងចំនុចដែលគួរកែតម្រូវយ៉ាងដូច្នេះថា៖ « អ្វីដែលខ្ញុំមើលឃើញលើពួកគាត់នោះគឺគាត់ចេះមើលឃើញពីកំហុសរបស់ខ្លួន និងកែប្រែពីមួយប្រកួតទៅមួយប្រកួត ហើយចំនុចដែលខ្វះខាតរបស់ក្រុមទាំងមូលគឺនៅតំបន់ប្រយុទ្ធ ជាក់ស្តែងដូចជាការប្រកួតផ្តាច់ព្រ័ត្រនេះយើងមានឱកាសច្រើននៅមុខទីតែយើងធ្វើមិនបានសម្រេច ខ្ញុំសង្ឃឹមថាពួកយើងនឹងព្យាយាមកែប្រែអ្វីទាំងអស់នេះ ពោលគឺធ្វើឲ្យការខិតខំប្រឹងប្រែងរបស់យើងទៅដល់ចំនុចដែលយើងចង់បាន » ។

ជាចុងក្រោយសាវីនក៏បានអរគុណកូនក្រុមរបស់ខ្លួនដែលខំប្រឹងប្រែងក្នុងការប្រកួត ហើយក៏អរគុណដល់អ្នកគាំទ្រក្រុមនារីរបស់ខ្លួន ដែលបានធ្វើដំណើរពីភ្នំពេញផងដែរ ក្រុមនារីភ្នំពេញក្រោននឹងខំប្រឹងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតសម្រាប់ការប្រកួតប្រជែងឆ្នាំបន្ទាប់ ៕

មតិយោបល់


អត្ថបទផ្សេងៗ