ម៉ៅ សាវីន ប្រាប់ពីហេតុផលទទួលបានជ័យជម្នះលើក្រុមនារីខេត្តបាត់ដំបង

October 5, 2020 - 3:37 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមនារីភ្នំពេញក្រោន បានទទួលជ័យជម្នះលើកដំបូងឆ្លងកាត់ការប្រកួត ២លើកកន្លងមក ក្រោយបញ្ចប់ជាមួយលទ្ធផល ៤ទល់២ ក្រុមនារីខេត្តបាត់ដំបង នៅក្នុងសប្តាហ៍ទី ២ នៃពានរង្វាន់ជម្រើសជើងឯកនារី ឆ្នាំ២០២០។

បាន ជាវ៉ៃ ធ្វើបាន ២គ្រាប់ម្នាក់ឯង ខណៈ គៀង សុីវហ័ង និងតាំង មករា ជាអ្នករកគ្រាប់បាល់បើកឆាក ២គ្រាប់ នៅលើកីឡដ្ឋាន Smart RSN។

អ្នកគ្រូបង្វឹក ម៉ៅ សាវីន សប្បាយចិត្តជាមួយការបង្ហាញទម្រង់លេងរបស់កីឡាការនី និងការប្រឹងប្រែង ១០០ភាគរយនៅលើទីលានជាមួយការតបស្នងនៅជ័យជម្នះ ៣ពិន្ទុ។

«សម្រាប់ខ្ញុំពិតជាសប្បាយចិត្តមែនទែន និងសូមអរគុណដល់កីឡាករ និងក្រុមងារទាំងអស់ដែលបានជួយខំប្រឹង និងជាពិសេសកីឡាការនីខំប្រឹង ១០០ភាគរយដើម្បីទទួលបានជ័យជម្នះនៅក្នុងទឹកដី»។ អ្នកគ្រូ ម៉ៅ សាវីន និយាយ។

«ការប្រកួតជាមួយជ័យជម្នះថ្ងៃនេះ(ឈ្នះ បាត់ដំបង ៤ទល់២)បានមកពីការប្រឹងប្រែងខ្លាំងមែនទែន ទាំងការហ្វឹកហាត់ និងការត្រៀមរៀបចំខ្លួនបានល្អ និងជាពិសេសការប្រឹងប្រែង ១០០ភាគរយ»។

«សម្រាប់ខ្ញុំគិតថាក្រុមទាំងពីរ (ព្រះខ័នរាជស្វាយរៀង និងបាត់ដំបង) គឺពិបាកលេងដូចគ្នា ប៉ុន្តែជាក់ស្តែងដូចពេលលេងនៅស្វាយរៀង ដោយសារមានភ្លៀងធ្លាក់យើងមិនអាចលេងបាល់បានបច្ចេកទេសល្អ ខណៈជាមួយ បាត់ដំបង អត់មានភ្លៀងធ្លាក់ចឹងយើងអាចដឹងពីសមត្ថភាពក្រុម និងលេងបាល់បច្ចេកទេស»៕

មតិយោបល់


អត្ថបទផ្សេងៗ