ម៉ៅ សាវីន៖«យើងមិនគិតលទ្ធផលបរាជ័យនាវគ្គផ្តាច់ព្រ័ត្រឆ្នាំមុននោះទេ ប៉ុន្តែយើងត្រៀមសម្រាប់ការប្រកួតថ្មី និងលទ្ធផលថ្មី»

September 25, 2020 - 12:07 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ម៉ៅ សាវីន ជាគ្រូបង្វឹកក្រុមនារីភ្នំពេញក្រោន បានទទូចថាក្រុមពុំបានគិតពីលទ្ធផលបរាជ័យនាវគ្គផ្តាច់ព្រ័ត្រជាមួយ ស្វាយរៀង (បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង) កាលពីឆ្នាំមុន ប៉ុន្តែកំពុងតែត្រៀមខ្លួនសម្រាប់ការប្រកួតថ្មី និងលទ្ធផលថ្មីនាឆ្នាំនេះ។

ការលើកឡើងនេះក្រោយ ក្រុមនារីភ្នំពេញក្រោន នឹងត្រូវជួប ក្រុមនារីព្រះខ័នរាជស្វាយរៀង ម្តងទៀតនាថ្ងៃទី ២៧ ខែកញ្ញា ក្នុងពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ ២០២០ ដែលនឹងធ្វើឡើងនៅលើកីឡដ្ឋាន ស្វាយរៀង វេលាម៉ោង ៣ រសៀល។ ខណៈឆ្នាំមុនបរាជ័យជាមួយលទ្ធផល ២ទល់០។

«យើងមិនបានគិតអំពីលទ្ធផលបរាជ័យ ស្វាយរៀង នាវគ្គផ្តាច់ព្រ័ត្រឆ្នាំមុននោះទេ ប៉ុន្តែពួកយើងបានត្រៀមសម្រាប់ការប្រកួតជាថ្មី និងត្រៀមខ្លួនទទួលយកលទ្ធផលថ្មីរបស់ក្រុម»។

«ពួកយើងសប្បាយចិត្តមែនទែនដែលមានឱកាសចូលរួមប្រកួតប្រជែងក្នុងលីគកំពូលបាល់ទាត់នារី និងបានបង្ហាញសមត្ថភាពនៅលើទីលានវាលស្មៅ»។

«យើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតលីគនាពេលខាងមុខនេះ។ ដោយយើងបានត្រៀមរួចជាស្រេច»។

«ក្នុងនាមខ្ញុំជាគ្រូបង្វឹក គឺយើងតាំងចិត្ត ១០០ ភាគរយ និងបានត្រៀមខ្លួនរួចរាល់សម្រាប់ត្រៀមស្វាគមន៍ក្រុមទាំង ៩ មិនថាក្រុមកម្រិតណាទេ ប៉ុន្តែក្រុមទាំងអស់សុទ្ធតែប្រកួតប្រជែងក្នុងលីគបាល់ទាត់នារី»។

«ខ្ញុំគិតថាការប្រកួតខាប់ គឺមានភាពតឹងតែង និងយើងមិនសូវមានពេលត្រៀមខ្លួនសម្រាប់ការប្រកួត និងខំប្រឹងយ៉ាងម៉េចដើម្បីទទួលបានលេខ១ រឺលេខ ២ អាចឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត។ សម្រាប់លីគវិញ យើងយកក្រុមកំពូលទាំង ៤ ឡើង ដូច្នេះគឺយើងមានពេលគ្រប់គ្រាន់សម្រាប់ការត្រៀមរាល់ការប្រកួតសប្តាហ៍ និងធនធានកីឡាករក្នុងការការពាររបួសគឺរៀបចំបានល្អ»។

គួរបញ្ជាក់ថា ពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២០ មានក្រុមចូលរួមចំនួន ១០ ភ្នំពេញក្រោន, សមាគមកីឡាបាល់ទាត់ ខភម, បឹងកេត, ព្រះខ័នរាជស្វាយរៀង, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តកំពង់ស្ពឹ ណាហ្គាវើលដ៍, ខេត្តកំពង់ធំ, ខេត្តកណ្តាល និង ខេត្តកំពង់ឆ្នាំង។

ការប្រកួតនឹងត្រូវប្រើប្រាស់រូបមន្តលីគដោយមួយក្រុមលេងចំនួន ៩ ប្រកួតដោយមានក្នុងទឹកដី និងក្រៅដី។ ខណៈក្រុមស្ថិតនៅកំពូលតារាងទាំង ៤ ត្រូវរង់ចាំនៅវគ្គខ្វែង។ លេខ ៤ ជួប លេខ ៣, ក្រុមឈ្នះ(លេខ ៣ រឺលេខ៤) ជួបក្រុមលេខ ២, ស្របពេលក្រុមស្ថិតចំណាត់ថ្នាក់លេខ ១ ក្នុងវគ្គសន្សំពិន្ទុនឹងត្រូវចាំនៅវគ្គផ្តាច់ព្រ័ត្រដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែធ្នូ៕

មតិយោបល់


អត្ថបទផ្សេងៗ