គ្រូយុវជនអាយុក្រោម១៣ឆ្នាំបកស្រាយរឿងរិះគន់លើក្រុមខ្លួនក្រោយគ្រងជើងឯកកាលពីម្សិលមិញ

January 17, 2019 - 11:02 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

អ្នកគ្រូបង្វឹកក្រុមកីឡាករអាយុក្រោម១៣ឆ្នាំភ្នំពេញក្រោន ម៉ៅ សាវីន ដែលដឹកនាំក្រុមប្រកួតឈ្នះពានរង្វាន់ទិវាបាល់ទាត់អាយុក្រោម១៣ឆ្នាំ ២០១៨ រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញអារម្មណ៍រំភើបដែលក្រុមរបស់ខ្លួនបានក្លាយជាជើងឯកនៃពានរង្វាន់មួយនេះ ។ អ្នកគ្រូបានបញ្ជាក់ដែលថានេះជាលើកទីមួយហើយដែលខ្លួនដឹកនាំក្រុមកីឡាបាល់ទាត់ជាផ្នែកបុរសទទួលបានជោគជ័យ ហើយអ្នកគ្រូក៏សូមអរគុណនូវការខិតខំប្រឹមប្រែងរបស់កូនក្រុមរបស់ខ្លួនផងដែរ ។

ទន្ទឹមគ្នានេះដែរក៏មានមតិរិះគន់មួយចំនួនជុំវិញការឈ្នះរបស់ក្រុមកីឡាករអាយុក្រោម១៣ឆ្នាំភ្នំពេញក្រោន ដោយលើកឡើងថាជាក្រុមដែលធំ ឬមានអាយុលើសក្រុមដ៏ទៃទៀត ប៉ុន្តែអ្នកគ្រូបង្វឹកបានបញ្ជាក់ថា៖ «ខ្ញុំក៏បានដឹងពីបញ្ហាទាំងនេះដែរ តែខ្ញុំសូមបញ្ជាក់ថាកីឡាករអាយុក្រោម១៣ឆ្នាំភ្នំពេញក្រោនគឺមានអាយុត្រឹមត្រូវទៅតាមការកំណត់របស់សហព័ន្ធ ហើយយើងក៏មានឯកសារបញ្ជាក់ត្រឹមត្រូវផងដែរ ។ កីឡាករយុវជនថ្នាលរបស់យើងគឺមានកាយសម្បទារល្អ ដោយសារតែពួកគេមានការហូបចុកល្អ មានការហ្វឹកហាត់ត្រឹមត្រូវ ហើយអ្វីដែលសំខាន់នោះគឺយើងរើសយកតែកីឡាករដែលមានគុណភាពដើម្បីចូលរួមក្នុងការប្រកួតនេះ» ។

បន្ថែមលើសពីនេះទៅទៀតគ្រូបង្វឹកនារីរូបនេះបាននិយាយថា៖ «ខ្ញុំចង់ឲ្យក្រុមដែលរិះគន់លើភ្នំពេញក្រោនយកពេលវេលាបង្កើនសមត្ថភាពក្រុមខ្លួនឯង ដើម្បីឲ្យការប្រកួតប្រជែងនៅពេលខាងមុខកាន់តែខ្លាំងក្លាជាងនេះទៀត» ។ គួររំលឹកផងដែរថាការពីម្សិលមិញក្រុមកីឡាករអាយុក្រោមភ្នំពេញក្រោនបានគ្រងដំណែងជាជើងឯកក្នុងពានរង្វាន់ទិវាបាល់ទាត់អាយុក្រោម១៣ឆ្នាំ ២០១៨ ក្រោយប្រកួតឈ្នះក្រុមខេត្តស្វាយរៀងជាមួយនឹងលទ្ធផល ២-១ ៕

មតិយោបល់


អត្ថបទផ្សេងៗ