ម៉ៅ ពិសិដ្ឋ៖ « យើងបំភ្លេចរឿងទាំងនោះចោល និងខំប្រឹងផ្តោតអារម្មណ៍តែលើការប្រកួតនេះតែប៉ុណ្ណោះ… »

November 25, 2019 - 12:37 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នាវេលាម៉ោង ៧:០០ យប់នេះក្រុមកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ នឹងត្រូវប្រកួតបើកឆាកជាមួយក្រុមម្ចាស់ផ្ទះហ្វីលីពីន អាយុក្រោម ២២ឆ្នាំ នៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEA Games 2019 ) ឆ្នាំ២០១៩ ។ កីឡាករវ័យក្មេងរបស់ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ ម៉ៅ ពិសិដ្ឋ បាននិយាយអំពីចំណាប់អារម្មណ៍របស់ខ្លួនលើការប្រកួតដំបូងនេះថា៖ « ខ្ញុំគិតថាវាជាការប្រកួតមួយដែលលំបាកសម្រាប់ក្រុមយើង ព្រោះយើងទាត់បើកឆាកភ្លាមជាមួយក្រុមម្ចាស់ផ្ទះតែម្តង ពួកគេមានកីឡាករល្អៗ និងមានមាឌធំជាងយើង ដែលធ្វើឲ្យយើងពិបាកក្នុងការលេងបាល់ខាងលើ » ។

បើទោះបីជាមានបញ្ហាបន្តិចបន្តួចលើការរៀបចំរបស់ម្ចាស់ផ្ទះក៏ពិតមែន ក៏ពិសិដ្ឋបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន និងមិត្តរួមក្រុមយ៉ាងដូច្នេះ៖ « ពួកយើងរៀបចំបានល្អ បើទោះបីជាពួកគេមិនរៀបចំ និងស្វាគមន៍យើងបានល្អក្តី យើងបំភ្លេចរឿងទាំងនោះចោល និងខំប្រឹងផ្តោតអារម្មណ៍តែលើការប្រកួតនេះតែប៉ុណ្ណោះ ។ កីឡាករយើងម្នាក់ៗមានការប្តេជ្ញាចិត្តខ្ពស់ ព្រោះយើងចង់បានលទ្ធផលវិជ្ជមានសម្រាប់ការប្រកួតដំបូងនេះ យើងនឹងខំប្រឹងឲ្សអស់ពីសមត្ថភាពលេងឲ្យបានល្អ ដើម្បីជូនអ្នកគាំទ្រ និងប្រទេសជាតិរបស់យើង » ។

សូមបញ្ជាក់ថាការប្រកួតបើកឆាកនៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEA Games 2019 ) ឆ្នាំ២០១៩ រវាងក្រុមកម្ពុជានិងក្រុមហ្វីលីពីន នឹងចាប់ផ្តើមនាវេលាម៉ោង ៧:០០ យប់នេះ (ម៉ោងនៅកម្ពុជា) ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ៕

មតិយោបល់


អត្ថបទផ្សេងៗ