ម៉ៅ ពិសិដ្ឋ បង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការប្រកួតនៅថ្ងៃអាទិត្យនេះ និងចំពោះគ្រូបណ្តោះអាសន្ន

May 9, 2019 - 4:15 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែបម្រើប្រយុទ្ធវ័យក្មេង ម៉ៅ ពិសិដ្ឋដែលបានបង្ហាញខ្លួនបានយ៉ាងល្អក្នុងការប្រកួតលីគកំពូលកម្ពុជាចំនួន៥លើកមកហើយនេះបានសម្តែងអារម្មណ៍សោកស្តាយចំពោះលទ្ធផលនៃការប្រកួតដំបូងៗរបស់ក្រុមដោយមិនអាចយកឈ្នះក្រុមខ្លាំងៗបាន ប៉ុន្តែរូបគេនៅតែមានជំនឿចិត្តថាក្រុមរបស់ខ្លួននឹងត្រលប់មកល្អវិញនៅពេលដ៏ខ្លីខាងមុខ ។ ពិសិដ្ឋបាននិយាយថា៖ « ការប្រកួតជាមួយក្រុមប៉ូលីសនៅថ្ងៃអាទិត្យនេះ ពួកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយខ្ញុំសង្ឃឹមថាយើងនឹងធ្វើបានល្អចំពោះការប្រកួតក្នុងដីរបស់យើង ព្រមទាំងយក៣ពិន្ទុឲ្យបានសម្រាប់អ្នកគាំទ្រ » ។

ចំពោះការកាន់តំណែងរបស់គ្រូបង្វឹកបណ្តោះអាសន្នថ្មីភ្នំពេញក្រោនកីឡាកររូបនេះមានជំនឿចិត្តថាគ្រូបង្វឹកថ្មីនឹងការកែប្រែចំនុចខ្វះខាតដែលមានក្នុងការប្រកួតកន្លងមក បើទោះបីជាធ្វើការហ្វឹកហាត់ជាមួយគាត់ទើបតែបាន២ថ្ងៃក្តី ។ បន្ថែមលើសពីនេះទៅទៀតពិសិដ្ឋបានសំណូមពរទៅដល់អ្នកគាំទ្រយ៉ាងដូច្នេះថា៖ « សូមអ្នកគាំទ្រពួកយើងទាំងអស់ចូលរួមទស្សនាការប្រកួតក្នុងដីរបស់ពួកយើងនេះឲ្យបានច្រើនកុះករ ពួកយើងជាកីឡាករនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីអ្នកទាំងអស់គ្នា ពួកយើងចង់ឲ្យអ្នកទាំងអស់គ្នាមកផ្តល់ទឹកចិត្តដល់ពួកយើង ខ្ញុំជឿថាអ្នកគាំទ្រកាន់តែច្រើនកីឡាករក៏លេងកាន់តែល្អទៅតាមនោះដែរ » ។

 

សូមបញ្ជាក់ថាការប្រកួតរវាងក្រុមភ្នំពេញក្រោននឹងក្រុមអគ្គស្នងការដ្ឋានគរបាលជាតិនឹងត្រូវធ្វើឡើងនាវេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី១២ នៅកីឡដ្ឋាន Smart RSN ដែលជាទឹកដីរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ៕

មតិយោបល់


អត្ថបទផ្សេងៗ