ម៉ៅ ពិសិដ្ឋ៖«ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងអស្ចារ្យក្នុងការឈ្នះជ័យលាភីនេះ»

December 24, 2019 - 11:30 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ ម៉ៅ ពិសិដ្ឋ បានឈ្នះជ័យលាភី២ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពោលគឺកីឡាករវ័យក្មេងរកបានគ្រាប់បាល់ជាងគេ និងកីឡាករលេងល្អទាំង១១នាក់ ស្របពេលក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ៣។

ខ្សែប្រយុទ្ធរូបនេះ មានក្តីសង្ឃឹមថានឹងអាចទទួលបានពេលវេលាសម្រាប់លេងក្នុងការប្រកួតកាន់តែច្រើននារដូវកាលខាងមុខ និងដាក់គោលដៅជួយក្រុមដើម្បីឈ្នះជើងឯក ស្របពេលភ្នំពេញក្រោន ឈ្នះលីគកំពូលកម្ពុជា លើកចុងក្រោយនៅឆ្នាំ២០១៥។

ម៉ៅ ពិសិដ្ឋ និយាយយ៉ាងដូចនេះ៖«ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងអស្ចារ្យក្នុងការឈ្នះជ័យលាភីនេះ។ វាជាលើកដំបូងដែលខ្ញុំបានឈ្នះជ័យលាភីបែបនេះ។ វាជារឿងមិនគួរឲ្យជឿ»។

«ខ្ញុំមិនច្បាស់ទេ ប៉ុន្តែខ្ញុំសង្ឃឹមថានឹងអាចទទួលបានការលេងច្រើនក្នុងប្រកួតផ្លូវការនារដូវកាលនេះ។ ខ្ញុំនឹងខិតខំប្រឹងប្រែងខ្លាំងឡើង និងព្យាយាមឲ្យអស់ពីសមត្ថភាព។ ខ្ញុំនឹងផ្តល់អ្វីទាំងអស់ និងគ្រាប់បាល់ សម្រាប់ក្រុមក្នុងការឈ្នះជើងឯក»។

«ពិតណាស់! យើងបានប្រើប្រាស់កីឡាករក្នុងស្រុកទាំងអស់ក្នុងពានរង្វាន់សម្តេតតេជោ ហ៊ុន សែន។ គ្រប់ក្លិបសុទ្ធតែមានកីឡាករខ្មែរសម្បូរបច្ចេកទេស ដូច្នេះកម្រិតនៃការប្រកួតប្រជែងគឺខ្លាំង»។

«វាជាពានរង្វាន់មួយដ៏ល្អ និងអាចផ្តល់ឱកាសដល់កីឡាករក្នុងស្រុកដើម្បីបានលេង និងបង្ហាញពីសមត្ថភាពបច្ចេកទេសដើម្បីទាក់ចិត្តគ្រូបង្វឹក»។

ស្របពេល អ៊ន ចាន់ប៉ូលីន និងវ៉ា សុខថន សុទ្ធតែជាកីឡាកររបស់ភ្នំពេញក្រោន ដែលបានបង្ហាញខ្លួនលើឆាកនៃកម្មវិធី ប្រគល់ពានរង្វាន់បាល់ទាត់កម្ពុជា(Cambodia Football Award)។

អ៊ន ចាន់ប៉ូលីន ត្រូវបានជ្រើសរើសជាកីឡាករល្អទាំង១១នាក់ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជា ខណៈ វ៉ា សុខថន ជាម្ចាស់ស្បែកជើងមាសនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន៕

មតិយោបល់


អត្ថបទផ្សេងៗ