លោក លី ហៀង អគ្គលេខាធិការភ្នំពេញក្រោន បង្ហាញគោលបំណងរៀបចំពានរង្វាន់ Smart RSN Cup 2020

January 7, 2020 - 1:28 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រោយមានកិច្ចសហការរវាង ក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយក្រុមហ៊ុនទូរស័ព្ទចល័តឈានមុនគេនៅកម្ពុជា Smart Axiata រួមទាំងបណ្តាដៃគូឧបត្ថម្ភឲ្យលេចចេញជារូបរាងពានរង្វាន់ Smart RSN Cup 2020 ដែលគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី១០ ខែមករា ខាងមុខនេះ ។ លោក លី ហៀង អគ្គលេខាធិការក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញពីគោលបំណងដ៏ចំបងក្នុងការរៀបចំពានរង្វាន់អន្តរជាតិឲ្យកើតមានឡើងយ៉ាងដូច្នេះថា៖ «គោលបំណងនៃការរៀបចំពានរង្វាន់អន្តរជាតិបែបនេះ គឺយើងចង់ទទួលបាននូវការប្រកួតដ៏ល្អជាមួយការប្រកួតក្លឹបមកអន្តរជាតិដែលមានក្លឹបមកពីម៉ាឡេស៊ី (Kedah FA) ដោយចង់បាននូវរូបភាពថ្មីមួយចំនួនទាក់ទងនៅការរៀបចំពានរង្វាន់អន្តរជាតិនៅកម្ពុជា និងជាការៀបចំសម្រាប់ក្រុមសម្រាប់រដូវកាលសម្រាក(Pre Season)» ។

«អ្វីដែលយើងរំពឹង គឺការប្រកួតនឹងក្លាយជាទស្សនីយភាពថ្មីនៅកម្ពុជា ក្នុងការនាំយកនូវក្រុមអន្តរជាតិមកធ្វើការប្រកួតប្រជែងដើម្បីត្រៀមរដូវកាលថ្មី ហើយខ្ញុំសង្ឃឹមថានឹងទទួលបានការជំរុញវិស័យបាល់ទាត់នៅកម្ពុជា និងពាំនាំនៅភាពរំភើបសម្រាប់ទស្សនិកជកផងដែរ» ។

ពានរង្វាន់ Smart RSN Cup 2020 នឹងមានក្រុមចូលរួមចំនួន៣ ភ្នំពេញក្រោន, អង្គរថាយហ្គឺរ របស់លីគកំពូលកម្ពុជា និង Kedah FA របស់លីគកំពូលម៉ាឡេស៊ី ដែលធ្វើឡើងនៅកីឡដ្ឋាន Smart RSN ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ។

សម្រាប់មូលហេតុក្នុងការអញ្ជើញក្រុមទាំងពីរ អង្គរថាយហ្គឺរ និង Kedah FA លោកលី ហៀងបានបញ្ជាក់ថា៖ «ហេតុផលយើងអញ្ជើញ Kedah Fa គឺដោយសារពួកគេមានគម្រោងស្រាប់ក្នុងការមកកម្ពុជា និងត្រូវការប្រកួតល្អ រៀបចំល្អ និងទីលានល្អ ដើម្បីជាការត្រៀមរៀបចំខ្លួនក្នុងពានរង្វាន់ AFC Cup ស្របពេល អង្គរថាយហ្គឺរ យើងមើលឃើញពីការរៀបចំល្អ និងចង់អញ្ជើញក្រុមមកពីតាមបណ្តាខេត្តដើម្បីឲ្យការប្រកួតមានភាពរំភើប» ៕

មតិយោបល់


អត្ថបទផ្សេងៗ