អគ្គលេខាធិការក្លឹបបាល់ទាត់ភ្នំពេញក្រោន និយាយពីការចូលរួមលីគ២

September 23, 2020 - 4:05 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបញ្ចូនយុវជនអាយុក្រោម២១ឆ្នាំរបស់ខ្លួនដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់លីគទី២នៃប្រទេសកម្ពុជា ដែលការប្រកួតនេះគ្រោងនឹងធ្វើឡើងនៅដើមខែក្រោយនេះ ។ លោក លី ហៀង អគ្គលេខាធិការ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបង្ហាញពីគោលបំណងនៃការចូលរួមរបស់ក្រុមយុវជននេះថា៖ « វាគឺជារឿងសំខាន់មួយជុំវិញនឹងការអភិវឌ្ឍន៍យុវជន ក៏ដូចជាការផ្តល់ឱកាសដល់ពួកគេដើម្បីធ្វើការប្រកួតជាមួយក្រុមល្អៗក្នុងលីគ២នោះ ។ នេះវាស្របទៅតាមគោលការណ៍ការអភិវឌ្ឍន៍យុវជនរបស់ក្លឹប ហើយវាគឺជាឱកាសក្នុងការភ្ជាប់ពួកគាត់ជាមួយក្នុងការប្រកួតដែលល្អ ដើម្បីជ្រើសរើសពួកគាត់មកកាន់ក្រុមធំផងដែរ » ។

បន្ថែមលើសពីនេះទៅទៀតលោកក៏បានបន្ថែមទៀតថា៖ « អ្វីដែលយើងរំពឹងសម្រាប់ការប្រកួតប្រជែងនេះគឺពួកគាត់នឹងមានការប្រកួតប្រជែងដែលល្អ ជាបទពិសោធន៍មួយរបស់យុវជនយើងទាក់ទងនិងការប្រកួតក្នុងដីនិងក្រៅដី ក៏ដូចជាការរៀបចំខ្លួនក្នុងការប្រកួតធំៗផងដែរ ។ មួយវិញទៀតទាក់ទងជាមួយនឹងលទ្ធផលគឺយើងតែងតែចង់បាន ប៉ុន្តែសម្រាប់ការអភិវឌ្ឍន៍យុវជនគឺយើងនិយាយអំពីឱកាសក្នុងការប្រកួត ឱកាសនៃការដកពិសោធន៍ និងឱកាសនៃការអភិវឌ្ឍន៍ ហើយទាំងនេះហើយជាគោលការណ៍ចម្បងរបស់យើង » ។

គួរបញ្ជាក់ថាការប្រកួតពានរង្វាន់លីគ២ឆ្នាំ២០២០នេះមានក្រុមចំនួន១០ចូលរួម ដែលការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៤ ខែតុលា និងបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែធ្នូនាពេលខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ