Luis Fernando Vitorino គាំទ្រចំណាត់ការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

December 27, 2018 - 10:29 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសព័ត៌មានជុំវិញករណីអតីតកីឡាករភ្នំពេញក្រោនទាំង៥រូបដែលបានផ្លាស់ប្តូរទៅលេងនៅក្លឹបវិសាខារួចមក លោកគ្រូបង្វឹកអ្នកចាំទី Luis Fernando Vitorino បានសម្តែងសេចក្តីសាទរចំពោះសេចក្តីប្រកាសនេះ ហើយលោកបានយល់ស្របទៅតាមចំណាត់ការរបស់សហព័ន្ធទាក់ទងទៅនឹងចំនុចទី២ ដែលលើកឡើងថា FFC សូមសម្ដែងការសោកស្ដាយ ចំពោះភាពចន្លោះប្រហោងក្នុងការសិក្សាអំពីច្បាប់នៃការគ្រប់ក្រងការផ្ទេរកីឡាករក្នុងស្រុក អាស្រ័យហេតុនេះ ដើម្បីបំពេញភាពចន្លោះប្រហោងខាងលើ និងស្របតាមការរីកចម្រើនឆាប់រហ័សនៃវិស័យកីឡាបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា FFC នឹងដាក់ឆ្លងនូវពង្រាងច្បាប់ស្ដីពីការគ្រប់គ្រងផ្ទេរកីឡាករក្នុងស្រុកនៅក្នុងមហាសន្និបាតពេញអង្គររបស់សហព័ន្ធដែលនឹងប្រព្រឹត្តទៅ នៅដើមឆ្នាំ២០១៩ខាងមុខ ។

ប្អូនប្រុសគ្រូបង្វឹកក្រុមឈុតធំភ្នំពេញក្រោនរូបនេះបានលើកឡើងថា៖ « ខ្ញុំយល់ស្របលើការលើកយកច្បាប់ទាក់ទងទៅនឹងការផ្ទេរកីឡាករក្នុងស្រុកនេះមកនិយាយ ព្រោះវាជាដំណើរការនៃការអភិវឌ្ឍវិស័យបាល់ទាត់នៅប្រទេសកម្ពុជា ដើម្បីឲ្យក្លឹបនីមួយៗមានឆន្ទះក្នុងការបណ្តុះយុវជនបន្ថែមទៀត » ។

លើសពីនេះទៅទៀតគ្រូអ្នកចាំទីរូបនេះបាននិយាយទៀតថា៖ « សម្រាប់ខ្ញុំគឺផ្តោតសំខាន់លើការងារជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ដូច្នេះអ្វីដែលលោកប្រធានក្លឹប ក៏ដូចជាអ្នកគាំទ្រចង់បានគឺខ្ញុំគាំទ្រទាំងអស់ ព្រោះខ្ញុំយល់ថាពួកគាត់គឺធ្វើដើម្បីវិស័យបាល់ទាត់នៅកម្ពុជា » ។

សូមបញ្ជាក់ថាជុំវិញករណីកីឡាករ៥រូបដែលបានផ្លាស់ប្តូរទៅលេងនៅក្លឹបវិសាខាត្រូវបានដោះស្រាយរួចរាល់ហើយ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញ ៕

មតិយោបល់


អត្ថបទផ្សេងៗ