Luis Fernando Vitorino: ខ្ញុំចង់ឃើញវិស័យបាល់ទាត់នៅកម្ពុជារីកចម្រើនកាន់តែខ្លាំង!

April 26, 2018 - 5:06 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីដើមខែមេសានេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានចុះកុងត្រាជាមួយអតីតគ្រូអ្នកចាំទីនៃក្រុមជម្រើសជាតិកម្ពុជា ជនជាតិប្រេស៊ីលគឺលោក Luis Fernando Vitorino ។ ខាងក្រោមនេះគឺជាបទសំភាសន៍រវាងក្រុមការងារយើងខ្ញុំជាមួយគ្រូបង្វឹកអ្នកចាំទីរូបនេះ៖ 

សំណួរ៖ តើអ្វីទៅគឺជាមូលហេតុចម្បងដែលបណ្តាលឱ្យលោកត្រលប់មកកម្ពុជាសារជាថ្មី?

Luis៖ វាមានហេតុផលជាច្រើនដែលធ្វើឲ្យខ្ញុំត្រលប់មកកម្ពុជាសារជាថ្មី ហេតុផលចម្បងនោះគឺខ្ញុំជឿជាក់លើវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា ហេតុផលទីពីរនោះគឺប្រជាជននៅទីនេះមានការស្វាគមន៍យ៉ាងរាក់ទាក់ និងអ្នកគាំទ្រខ្ញុំជាច្រើនបានផ្ញើរសារអញ្ជើញខ្ញុំឲ្យត្រលប់មកវិញដោយពួកគេនៅតែជឿជាក់លើសមត្ថភាពរបស់ខ្ញុំ ។

សំណួរ៖ ហេតុអ្វីបានជាលោកសម្រេចចិត្តមកចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន?

Luis៖ ខ្ញុំមកភ្នំពេញក្រោនគឺតបតាមការអញ្ជើញរបស់លោកឧញ៉ាម្ចាស់ក្លឹបហើយចំពោះហេតុផលមួយទៀតនោះគឺយល់ឃើញថាក្លឹបបាល់ទាត់ភ្នំពេញក្រោនជាក្លឹបដែលមានរចនាសម្ព័ន្ធល្អមួយនៅក្នុងប្រទេសកម្ពុជា ។ ជាពិសេស ខ្ញុំយល់ថាក្លឹបបាល់ទាត់ភ្នំពេញក្រោន មានរចនាសម្ព័ន្ធល្អមានអ្នកគាំទ្រដ៏អស្ចារ្យ និងមានកីឡដ្ឋានផ្ទាល់ខ្លួនដ៏ស្រស់ស្អាត ហើយមួយវិញទៀតនោះគឺខ្ញុំជឿលើសមត្ថភាពរបស់ខ្ញុំថា ខ្ញុំនឹងអាចជាផ្នែកមួយដើម្បីជួយក្លឹបលើគ្រប់ផ្នែកទាំងអស់ទាំងក្រុមថ្នាល និងក្រុមធំ ពោលគឺខ្ញុំនឹងព្យាយាមទៅតាមអ្វីដែលខ្ញុំអាចធ្វើបាន!

សំណួរ៖ តើលោកនឹងធ្វើការចែករំលែកបទសោធរបស់លោកអ្វីខ្លះទៅកាន់ពួកគេ?

Luis៖ ខ្ញុំនឹងចំណាយពេលរបស់ខ្ញុំឲ្យបានច្រើនដើម្បីធ្វើការហ្វឹកហាត់ជាមួយពួកគេដោយផ្តោតលើបច្ចេកទេស ។ ខ្ញុំចង់ឃើញវិស័យបាល់ទាត់នៅប្រទេសកម្ពុជាមានភាពប្រសើរឡើង ដូច្នេះខ្ញុំយល់ថាត្រូវតែធ្វើការជាមួយក្លឹបមួយដែលល្អ ហើយខ្ញុំចង់បានក្រុមមួយដែលមានក្តីប្រាថ្នារួមគ្នាគឺការឈ្នះ និងមានបេះដូងរួមគ្នាក្នុងការអភិវឌ្ឍក្លឹបបាល់ទាត់របស់ខ្លួន ហើយមួយទៀតខ្ញុំចង់ឲ្យពួកគេជឿជាក់លើសមត្ថភាពរបស់ខ្ញុំ និងគោរពខ្ញុំឲ្យបានច្រើន ។

សំណួរ៖ តើលោកយល់យ៉ាងណាចំពោះវិស័យបាល់ទាត់កម្ពុជានាពេលបច្ចុប្បន្ននេះ?

Luis៖ ចំពោះវិស័យបាល់ទាត់នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្នគឺត្រូវការពេលវេលា និងបទពិសោធបន្ថែមទៀតដើម្បីឈានទៅរកភាពរីកចម្រើនពោលគឺត្រូវហ្វឹកហាត់ទាំងកាយសម្បទា និងបច្ចេកទេស ។

គ្រូបង្វឹកជនជាតិប្រេសុីលរូបនេះមានប្រវតិ្តជាអតីតគ្រូបង្វឹកអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៧កន្លងទៅ ព្រមទាំងធ្លាប់បំពេញការងារនៅក្លឹបបាល់ទាត់ Lanexang United របស់ឡាវពីឆ្នាំ២០១៦ – ២០១៧ ខណៈដែលក្លឹបនេះបានគ្រងតំណែងជាជើងឯកលីគកំពូលឡាវកាលពីឆ្នាំ២០១៦ផងដែរ ក្រៅពីនេះលោកក៏ធ្លាប់បំពេញការងារនៅតាមបណ្តាក្លឹបមួយចំនួនទៀតនៅក្នុងប្រទេសប្រេសុីលដូចជា Bonsucesso FC (ឆ្នាំ២០១៦), ក្លឹប Bangu AC (ពីឆ្នាំ២០១៤- ២០១៥) និងក្លឹប Goytacaz FC (ឆ្នាំ២០១៣) ជាដើម ៕

មតិយោបល់


អត្ថបទផ្សេងៗ