លឹម ពិសុទ្ឋ ជុំវិញការបង្ហាញខ្លួនក្នុងការប្រកួតជាមួយក្រុមព្រុយណេអាយុក្រោម១៩ឆ្នាំ

November 11, 2019 - 10:38 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លឹម ពិសុទ្ឋ បានបង្ហាញខ្លួនជាជម្រើសទី១ក្នុងក្រុមជម្រើសជាតិកម្ពុជាសារជាថ្មីម្តងទៀត នៃការប្រកួតជាមួយក្រុមព្រុយណេអាយុក្រោម១៩ឆ្នាំ បន្ទាប់ពីរូបគេធ្លាប់បានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្រុមកាលពីប្រកួតកន្លងមក ។ ក្រុមគោព្រៃជំទង់កម្ពុជាបានយកឈ្នះក្រុមព្រុយណេអាយុក្រោម១៩ឆ្នាំ ៣-០ ដែលជាការប្រកួតនៅក្នុងពូល G នៅពហុកីឡដ្ឋានជាតិ លឹម ពិសុទ្ឋ ជាកីឡាករមួយរូបដែលរកបានមួយគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានមួយគ្រាប់ សម្រាប់ការប្រកួតនេះ ។

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនរូបនេះបានទាត់បញ្ចូលទីគ្រាប់បើកឆាកឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នៅនាទីទី១៤ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុម អ៊ាន ពិសី ។

១៥នាទីបន្ទាប់ ពិសុទ្ឋ បានសហការជាមួយមិត្តរួមក្រុមយ៉ាងល្អក្នុងការស្វែងរកគ្រាប់បាល់មួយគ្រាប់ទៀតជូនកម្ពុជា ដោយរូបគេបានលើកបាល់ជ្រុងដល់កីឡាករ កែវ ឧត្តម តែតបញ្ចូលទី ដែលធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជានាំមុខជាមួយនឹងលទ្ធផល ២-០ ។

កីឡាករវ័យក្មេងរូបនេះបានព្យាយាមប៉ុនប៉ងស្វែងរកគ្រាប់បាល់ជាច្រើនលើកច្រើនសារ នៅមុនពេលគេប្តូរចេញនៅនាទីទី៦៧ ដោយជំនួសមកវិញដោយកីឡាករ វុធ តុលា ។ សម្រាប់គ្រាប់បាល់ទីបីរបស់ក្រុមជម្រើសជាតិកម្ពុជាគឺធ្វើបានសម្រេចដោយកីឡាករ មិន រតនៈ ដែលលទ្ធផល ៣-០ នេះធ្វើឲ្យកម្ពុជាឈ្នះលើក្រុមព្រុយណេ ។

មតិយោបល់


អត្ថបទផ្សេងៗ