កីឡាករ លឹម ពិសុទ្ធ៖ « ទឹកភ្នែករបស់ខ្ញុំស្ទើរតែស្រក់ចុះនៅពេលដែលបានដឹងថាយើងបានឈានទៅវគ្គបន្ត… »

December 1, 2019 - 7:38 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ លឹម ពិសុទ្ឋ បានសម្តែងអារម្មណ៍រីករាយជាខ្លាំងក្រោយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បានឡើងទៅកាន់វគ្គបន្តទៀតនៃពានរង្វាន់ AFC U19 Championship ។ ខ្សែប្រយុទ្ធវ័យក្មេងបាននិយាយថា៖ « ខ្ញុំគិតថាយើងគួរតែទទួលបានលទ្ធផលបែបនេះ ព្រោះពួកយើងបានប្រកួតឈ្នះដល់ទៅ៣លើក និងស្មើរតែមួយប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតទាំង៥ ហើយអ្វីដែលល្អបំផុតសម្រាប់យើងនោះគឺការប្រកួតឈ្នះក្រុមថៃ » ។

ពិសុទ្ធបានបន្ថែមថា៖ « ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ដែលយើងបានបង្កើតប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ក្រុមកម្ពុជាក្នុងពានរង្វាន់ AFC U19 Championship ។ គ្មានពាក្យអ្វីអាចរៀបរាប់ពីអារម្មណ៍របស់ខ្ញុំនៅពេលនេះបានទេ ខ្ញុំស្ទើរតែស្រក់ទឹកភ្នែកនៅពេលបានដឹងថាយើងបានឈានទៅវគ្គបន្ត ។ បើទោះបីជាកាលពីការប្រកួតនៅវគ្គជម្រុះខ្ញុំមិនបានលេងគ្រប់ការប្រកួតក្តី ក៏ខ្ញុំមានមោទកភាពចំពោះខ្លួនឯងដែរ ហើយខ្ញុំនឹងខំប្រឹងបន្ថែមទៀតសម្រាប់វគ្គបន្ទាប់នេះ ។

គួររំលឹកផងដែរថាពិសុទ្ធរកបាន៣គ្រាប់ និងបញ្ជូនបាល់ទៅមិត្តរួមក្រុមសម្រេចទីបានចំនួន៣គ្រាប់ ក្នុងការប្រកួតវគ្គជម្រុះ AFC U19 Championship នាពេលកន្លងមក នៅពហុកីឡដ្ឋានជាតិ ។ កីឡាករវ័យក្មេងរូបនេះបានបញ្ជាក់ជាចុងក្រោយថា៖ « សម្រាប់យើងគឺតែងតែចង់ប្រកួតជាមួយក្រុមដែលធំ និងល្អនៅការប្រកួតនៃវគ្គចុងក្រោយនេះ ព្រោះពួកយើងចង់បានបទពិសោធន៍ថ្មីៗ សម្រាប់ពង្រឹងខ្លួនឯង និងក្រុម ។ មួយវិញទៀតខ្ញុំគិតថា ពួកយើងមិនមានបញ្ហាអ្វីនោះទេ នៅពេលដែលប៉ះជាមួយក្រុមធំនោះ ព្រោះអ្វីដែលសំខាន់របស់យើងនោះគឺ យើងត្រូវតែលេងជាក្រុម ប្រយុទ្ធជាក្រុម ដើម្បីបានរៀនសូត្រពីគូរប្រកួតខ្លាំងទាំងនោះ » ៕

មតិយោបល់


អត្ថបទផ្សេងៗ