លឹម ពិសុទ្ធ ចាត់ទុកថាការប្រកួតជាមួយ U18 អូស្ត្រាលី ជាបទពិសោធន៍ថ្មី

August 21, 2019 - 12:18 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

លឹម ពិសុទ្ធ គឺជាកីឡាករតែម្នាក់គត់របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ ចូលរួមពានរង្វាន់អន្តរជាតិ AFF U18 Championship 2019 នៅប្រទេសវៀតណាម។

ពិសិទ្ធ បានបង្ហាញខ្លួនពេញការប្រកួតសម្រាប់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ ក្នុងជំនួបជាមួយ U18 អូស្ត្រាលី និង U18 សិង្ហបុរី។ ក្រោយប្រកួតកន្លងមកកីឡាករវ័យ១៨ឆ្នាំរូបនេះចាត់ទុកការប្រកួតជាមួយ ក្រុមជម្រើសជាតិអូស្ត្រាលី អាយុក្រោម១៨ឆ្នាំ ជាបទពិសោធន៍ថ្មី។

«និយាយទៅខាងគេចេញមកស្តង់ដារអឺរ៉ុបតែម្តង និងមានកាយសម្បទាល្អ»។

«វាក៏ជាបទពិសោធន៍ថ្មីមួយដើម្បីយកមកអភិវឌ្ឍន៍ខ្លួនលេងក្នុងលីគកំពូលកម្ពុជា»។

«ការអភិវឌ្ឍន៍របស់ខ្ញុំកំពុងតែទៅមុខ ក៏ប៉ុន្តែនៅមានចំណុចខ្វះខាតមួយចំនួន ហើយក៏រំពឹងថាអាចបង្ហាញខ្លួននៅពានរង្វាន់អន្តរជាតិច្រើនជាងនេះទៀត»។

យ៉ាងណាខ្សែប្រយុទ្ធរូបនេះ ខកខានប៉ុន្មានប្រកួតដោយសារតែជួបជម្ងឺផ្តាសាយអំឡុងពេលហ្វឹកហាត់ ។ រំលឹកថា ពិសុទ្ធ ចូលហ្វឹកហាត់ជាមួយក្លិប ភ្នំពេញក្រោន ចាប់តាំងពីឆ្នាំ២០១៣ និងត្រូវបានដំឡើងមកក្រុមធំឆ្នាំ២០១៨។ នារដូវកាល២០១៩នេះរូបគេ រកបាន៥គ្រាប់ ក្នុងចំណោម៤ប្រកួតកន្លងមកក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លេងបាន២លើក រកបាន២គ្រាប់ និងបញ្ជូនបាល់បាន២លើក៕

រូបភាព៖​ FFC

មតិយោបល់


អត្ថបទផ្សេងៗ