លឹម ពិសុទ្ធ៖«ឱកាសលេងនៅលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោហ៊ុន សែន ធ្វើឲ្យខ្ញុំកាន់តែប្រសើរឡើង»

November 18, 2019 - 1:09 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

លឹម ពិសុទ្ធ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឱកាសលេងនៅលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោហ៊ុន សែន ជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន កាលពីរដូវកាលមុន ខណៈរូបគេគិតថាអាចកែលម្អទម្រង់លេងរបស់ខ្លួន និងបង្កើនទំនុកចិត្តក្នុងអំឡុងពេលប្រកួតជម្រុះពានរង្វាន់ AFC U19 Championship ជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ។

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពូល G ខណៈដណ្តើមបានជ័យជម្នះ ៣ លើកោះម៉ារៀណាខាងជើង (៩ទល់០) ថៃ (២ទល់១) និងប្រ៊ុយណេ (៣ទល់០) ប៉ុន្តែចាញ់ ៤ទល់៥ ទល់នឹងពូលក្រុមកំពូលតារាងពូល G ក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម១៩ឆ្នាំ។

កីឡាករ លឹម ពិសុទ្ធ បានបង្ហាញខ្លួនចំនួន២ប្រកួតជាមួយ កោះម៉ារៀណាខាងជើង និងក្រុមជម្រើសជាតិប្រ៊ុយណេ អាយុក្រោម១៩ឆ្នាំ បានទាត់បាល់បញ្ចូលទីចំនួន៣គ្រាប់ និងបញ្ជូនបាល់ចំនួន៣លើក នៅក្នុងយុទ្ធនាការវគ្គជម្រុះពានរង្វាន់ AFC U19 Championship។

ខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោនរូបនេះ ត្រូវបានដាក់លេងជាខ្សែបម្រើការពារសម្រាប់ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ សង្ឃឹមថានឹងទទួលពេលវេលាលេងបន្ថែមទៀតសម្រាប់ ភ្នំពេញក្រោន នៅលីគកំពូលកម្ពុជានារដូវកាលក្រោយ បន្ទាប់ពីបញ្ចប់ទម្រង់លេងយ៉ាងល្អជាមួយ U19 កម្ពុជា។

ពិសុទ្ធ និយាយថា៖«ខ្ញុំបានធ្វើឱ្យប្រសើរឡើង ហើយខ្ញុំពេញចិត្តនឹងការបង្ហាញទម្រង់លេងរបស់ខ្ញុំអំឡុងការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U19 Championship។ ទន្ទឹមនេះខ្ញុំត្រូវខិតខំបន្ថែមទៀតដើម្បីពង្រឹងកម្លាំងរបស់ខ្ញុំ ព្រោះថាមពលរបស់ខ្ញុំមិនទាន់មាននៅឡើយ»។

«ខ្ញុំមានឱកាសខ្លះក្នុងការប្រកួតលីកកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះវាកាន់តែងាយស្រួលសម្រាប់ខ្ញុំក្នុងការកែលម្អខ្លួនខ្ញុំ។ ខ្ញុំក៏បានរកគ្រាប់បាល់បញ្ចូលទី និងបានជួយដល់ក្លិបផងដែរ ដូច្នេះវាបានបង្កើនទំនុកចិត្តរបស់ខ្ញុំ»។

«ខ្ញុំគិតថាប្រសិនបើខ្ញុំលេងជាខ្សែប្រយុទ្ធ រឺខ្សែបម្រើប្រយុទ្ធ ខ្ញុំអាចរកគ្រាប់បាល់បានច្រើន។ ខ្ញុំបានលេងជាខ្សែបម្រើការពារដូច្នេះវាពិបាកសម្រាប់ខ្ញុំក្នុងការឈានទៅមុខ និងរកគ្រាប់បាល់បញ្ចូលទី»។

«ខ្ញុំសង្ឃឹមថាជាមួយនឹងទម្រង់លេង និងការរីកចម្រើនរបស់ខ្ញុំនាពេលបច្ចុប្បន្ននេះ ខ្ញុំនឹងទទួលបានពេលវេលាលេងជាច្រើនទៀតក្នុងលីគកំពូលកម្ពុជាជាមួយភ្នំពេញក្រោននៅរដូវកាលក្រោយ»។

មតិយោបល់


អត្ថបទផ្សេងៗ