មតិរបស់លោក Leonardo Victorino ក្រោយចប់ការប្រកួត The Cambodian Classic Match

March 17, 2019 - 8:50 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួត The Cambodian Classic Match ត្រូវបានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនបានប្រកួតចាញ់ក្រុមភ្ញៀវបឹងកេតជាមួយនឹងលទ្ធផល ២ ទល់ ៣ នៅកីឡដ្ឋាន RSN ។ ក្រោយពីចប់ការប្រកួតលោក Leonardo Victorino ដែលជាគ្រូបង្វឹកឈុតធំក្រុមភ្នំពេញក្រោនបានយល់ឃើញថា ការប្រកួតនេះគឺជាការប្រកួតដ៏ល្អមួយសម្រាប់ក្រុមទាំងពីរ ប៉ុន្តែយើងខ្វះសំណាងក្នុងការដណ្តើមយកជ័យជម្នះលើប្រកួតដំបូងនេះ ។

គ្រូជនជាតិប្រេស៊ីលរូបនេះបាននិយាយថា៖ « វាជាការប្រកួតអស្ចារ្យសម្រាប់ប្រកួតដំបូងរបស់យើង ក្រុមរបស់យើងបង្កើតឱកាសជាច្រើនប៉ុន្តែយើងមិនមានសំណាង បឹងកេតបង្កើតឱកាសតែបីលើកប៉ុណ្ណោះ ហើយគេក៏រកបានបីគ្រាប់ ពួកគេគឺមានសំណាងជាងពួកយើង ដូច្នេះអ្វីដែលយើងត្រូវធ្វើនោះគឺត្រូវតែពង្រឹងក្រុមបន្ថែមទៀត វាដូចអ្វីដែលខ្ញុំបានលើកឡើងនៅមុនពេលប្រកួតថាវាជាការប្រកួតមួយដែលលំបាកសម្រាប់ពួកយើង ប៉ុន្តែខ្ញុំនៅតែមានជំនឿចិត្តលើកីឡាកររបស់យើងថា ពួកគេនឹងកែប្រែឲ្យកាន់តែល្អជាងនេះទៅទៀតក្នុងកំឡុងពេលលីគកំពូលនេះ » ។

លោកក៏បានបន្ថែមទៀតថា៖ « ចំពោះចំនុចខ្វះខាតរបស់យើងនោះគឺ យើងត្រូវតែធ្វើការឲ្យបានប្រសិទ្ធិភាពច្រើនជាងនេះ ពោលគឺនៅពេលដែលយើងមានឱកាសគឺយើងត្រូវតែរកគ្រាប់បាល់បានតែម្តង ជារួមការប្រកួតនេះយើងលេងបានល្អ ក្រុមយើងលេងយល់ចិត្តគ្នា ប៉ុន្តែយើងសម្រេចទីមិនច្បាស់ បឹងកេតមានឱកាសបីលើកគេរកបានបីគ្រាប់ យើងមានឱកាសបួនទៅប្រាំលើក តែបែរជារកបានត្រឹមតែពីរគ្រាប់ » ។

សូមបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំងពីរនេះគឺជាការប្រកួតបើកឆាកនៃលីគកំពូលកម្ពុជាសម្រាប់សប្តាហ៍ទីមួយ តែក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនធ្វើមិនបានល្អសម្រាប់ការប្រកួតដំបូងដែលប្រកួតចាញ់ក្រុមបឹងកេតនៅក្នុងដីរបស់ខ្លួន ៕

មតិយោបល់


អត្ថបទផ្សេងៗ