ការយល់ឃើញរបស់ Leonardo Victorino ក្នុងជំនួប The Cambodian Classic Match

March 14, 2019 - 4:45 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួត The Cambodian Classic Match រវាងក្រុមភ្នំពេញក្រោននឹងក្រុមបឹងកេតនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៦ ខាងមុខនេះ លោក Leonardo Victorino បានយល់ឃើញថាការប្រកួតនេះជាការប្រកួតដែលលំបាកមួយសម្រាប់ថ្ងៃបើកឆាកនេះ ។ គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះបានលើកឡើងជុំវិញការប្រកួតធំនេះថា៖ « នេះជាសប្តាហ៍ទីមួយហើយដែលក្រុមរបស់យើងបានធ្វើការហ្វឹកហាត់ជុំគ្នា ព្រោះពួកគេមួយចំនួនជាប់បំពេញបេសកកម្មជាមួយក្រុមជម្រើសជាតិ និងមួយចំនួនទៀតមានបញ្ហារបួស ។ សប្តាហ៍នេះពួកយើងចាប់ផ្តើមរៀបចំក្រុម និងកែប្រែចំនុចមួយចំនួនដើម្បីត្រៀមការប្រកួតបើកឆាកនេះ ហើយខ្ញុំសង្ឃឹមថាពួកយើងនឹងបង្ហាញទម្រង់លេងបានល្អចំពោះអ្នកគាំទ្រ » ។

គ្រូបង្វឹករូបនេះបានបន្តទៀតថា៖ « ខ្ញុំបានប្រាប់កីឡាកររបស់ខ្ញុំថា ការប្រកួតនេះមិនមែនជាការសម្រេចថាអ្នកណាជាម្ចាស់ពានរង្វាន់លីគកំពូលនោះទេ ប៉ុន្តែយើងត្រូវតែលេងឲ្យបានល្អបំផុត ព្រោះនៅពេលដែលយើងមានទម្រង់លេងល្អ យើងនឹងឈ្នះការប្រកួតនេះជាក់ជាមិនខាន ហើយសម្រាប់គោលដៅរបស់យើងគឺឈ្នះពានរង្វាន់លីគកំពូលកម្ពុជាពេលចប់រដូវកាល » ។

ជាចុងក្រោយគ្រូបង្វឹកដែលធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិកម្ពុជារូបនេះបានបន្ថែមថា៖​ « អ្នកគាំទ្រទាំងអស់គួរតែចូលរួមបញ្ចេញសំលេងរបស់គេនៅកីឡដ្ឋាន RSN ព្រោះពួកគេអាចធ្វើឲ្យក្រុមរបស់យើងរឹងមាំបាន យើងត្រូវការពួកគេជាកីឡាករទី១២របស់យើង ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពាក់អាវក្រហមដើម្បីគាំទ្រក្រុមភ្នំពេញក្រោនទាំងអស់គ្នា » ៕

មតិយោបល់


អត្ថបទផ្សេងៗ