គង់ ចាន់វុទ្ធី និយាយអំពីអារម្មណ៍ក្រោយជួយសង្គ្រោះបាល់នៅវគ្គប៉េណាល់ទី

August 30, 2019 - 10:42 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

គង់​ ចាន់វុទ្ធី បានបង្ហាញពីអារម្មណ៍​បន្ទាប់ពីជួយសង្គ្រោះបាល់ពិន័យប៉េណាល់ទីរបស់ ថោង ដា ជួយឲ្យក្រុមភ្នំពេញក្រោន ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ភ្នំពេញក្រោន​ បានឈ្នះម្ចាស់ការពារតំណែងជើងឯក ក្រសួងការពារជាតិ នៅវគ្គ៨ក្រុមចុងក្រោយជាមួយការទាត់បាល់ពិន័យប៉េណាល់ទី។ ភ្នំពេញក្រោន បានបរាជ័យកាលពីជើងទី១ដោយលទ្ធផល១ទល់០ ប៉ុន្តែយកឈ្នះវិញដោយលទ្ធផល២ទល់១ នៅក្នុងទឹកដីនៃកីឡដ្ឋាន Smart RSN។ ជាមួយនិងលទ្ធផលស្មើគ្នា២ទល់២ មានន័យថាត្រូវរកក្រុមឈ្នះជាមួយការទាត់បាល់ប៉េណាល់ទី ដោយក្នុងនោះ គង់ ចាន់វុទ្ធី ក្លាយជាបុរសគួរចងចាំក្រោយជួយសង្គ្រោះបាល់របស់ការពារស្លាបស្តាំរបស់ ក្រសួងការពារជាតិ កីឡាករ ថោង ដា មុនពេល វ៉ា សុខថន ទាត់បញ្ចូលទីបញ្ចប់ដោយលទ្ធផល ៥ទល់៤។

អ្នកចាំទីរបស់ ភ្នំពេញក្រោន បាននិយាយថា៖«ខ្ញុំពិតជារំភើបណាស់បន្ទាប់ពីជួយសង្គ្រោះបាល់របស់ថោង ដា ខ្ញុំបានត្រៀមខ្លួនបានល្អមុនការប្រកួតហើយខ្ញុំបានហាត់ច្រើនក្នុងពេលហ្វឹកហាត់ព្រោះខ្ញុំគិតថាការប្រកួតនឹងឈានដល់វគ្គទាត់ប៉េណាល់ទី»។

«ខ្ញុំមានជំនឿចិត្តលើខ្លួនឯងថាខ្ញុំអាចជួយក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះខ្ញុំដឹងថាខ្ញុំនឹងអាចជួយសង្គ្រោះបាល់ប៉េណាល់ទីបាន។ គ្រូបង្វឹក និងកីឡាករ មានជំនឿលើខ្ញុំពីព្រោះខ្ញុំធ្វើបានល្អណាស់អំឡុងពេលហ្វឹកហាត់មុនការប្រកួត»។

«ខ្ញុំបានព្យាយាមគិតពីគំនិតរបស់គូប្រជែង ទើបខ្ញុំបានធ្វើការសម្រេចចិត្តត្រឹមត្រូវចំនួនបីលើកដំបូង ប៉ុន្តែមិនអាចទះបាល់ចេញបាន។ ខ្ញុំគិតថាថោង ដា ប្រហែលជាបានគិតថាប្រសិនបើគាត់ទាត់បាល់នៅខាងឆ្វេងដៃខ្ញុំខ្ញុំនឹងជួយសង្គ្រោះបាន ដូច្នេះខ្ញុំគិតថាគាត់នឹងទាត់បាល់ទៅខាងស្តាំដៃខ្ញុំ ហើយខ្ញុំបានសំរេចចិត្តត្រឹមត្រូវ ដោយអាចជួយសង្គ្រោះបាល់របស់គាត់បាន។ ខ្ញុំមានមោទនភាពចំពោះអ្នកគាំទ្រពីព្រោះក្នុងអំឡុងពេលទាត់បាល់ពិន័យពួកគេស្រែកឈ្មោះខ្ញុំ ហើយបន្ទាប់ពីខ្ញុំបានជួយបាល់នោះទឹកភ្នែកខ្ញុំក៏ស្រក់ចុះ»។

«អ្នកគាំទ្ររបស់យើងស្រេកឃ្លានភាពជោគជ័យហើយពួកគេតែងតែលើកទឹកចិត្តយើងអោយតស៊ូក្នុងអំឡុងពេលប្រកួតទាំងមូល ទាំងអស់នេះវាជាអារម្មណ៍ដ៏អស្ចារ្យក្នុងការឈ្នះសម្រាប់ពួកគេហើយគ្មានពាក្យណាអាចពិពណ៌នាបាននោះទេ»។

«វាមិនមែនជាការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះទេ ប៉ុន្តែខ្ញុំដឹងថាវាមានន័យយ៉ាងណាសម្រាប់អ្នកគាំទ្រក្នុងការផ្តួល ក្រសួងការពារជាតិ នៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ យើងអាចធ្វើវាបាន។ ពួកគេខ្លះយំហើយពួកគេយំដោយសារតែរំភើបខ្លាំងបន្ទាប់ពីជ័យជម្នះរបស់យើង។ វាជាលើកទី ១ របស់ខ្ញុំក្នុងអាជីពបាល់ទាត់របស់ខ្ញុំដែលជួយក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ទឹកភ្នែកខ្ញុំស្រក់ហើយខ្ញុំពិតជារំភើបណាស់»។

គង់ ចាន់វុទ្ធី ជឿជាក់ថាក្រុមរបស់លោកស៊ុំ វណ្ណា មានអ្វីៗទាំងអស់ដែលត្រូវការដើម្បីឈ្នះពានរង្វាន់ Hun Sen Cup រដូវកាលនេះ ខណៈភ្នំពេញក្រោន នឹងត្រូវជួប បឹងកេត វិសាខា ឬព្រះខ័នរាជស្វាយរៀង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កីឡាករវ័យ ២១ ឆ្នាំរូបនេះបានបន្ថែមទៀតថា៖«យើងនឹងជួបក្រុមខ្លាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូច្នេះវាពិតជាលំបាកនិងរំភើបសម្រាប់យើង ហើយយើងបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំគិតថាយើងអាចប្រជែងដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានព្រោះយើងមានការបង្ហាញដ៏អស្ចារ្យនាពេលបច្ចុប្បន្ននេះ។ យើងទាំងអស់គ្នានៅក្នុងក្លិបកំពុងធ្វើការយ៉ាងខ្លាំងហើយខ្ញុំជឿជាក់ថាយើងអាចឈ្នះវានៅរដូវកាលនេះ»៕

មតិយោបល់


អត្ថបទផ្សេងៗ