គង់ ច័ន្ទវុទ្ធី៖ ខ្ញុំមកលេងបាល់គឺដើម្បីក្លឹបភ្នំពេញក្រោន!

August 26, 2018 - 8:54 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

អ្នកចាំទីគង់ ច័ន្ទវុទ្ធី បានបង្ហាញខ្លួនយ៉ាងល្អក្នុងការប្រកួតកាលពីម្សិលមិញជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជួយឲ្យក្រុមបានយកឈ្នះក្នុងលទ្ធផល ១-០ ។ អ្នកចាំទីវ័យក្មេងរូបនេះបានបង្ហាញឲ្យដឹងថាក្រុមរបស់គេលេងបានល្អនៅថ្ងៃនេះ ដែលជាមូលហេតុធ្វើឲ្យខ្លួនមានសម្ពាធបន្តិចនៅវគ្គទីមួយ តែនៅវគ្គទីពីររូបគេប្រមូលអារម្មណ៍បានមកវិញ ។ 

ថ្លែងក្រោយចប់ការប្រកួតវុទ្ធីបានយល់ឃើញថា៖ « ចំពោះឱកាសក្នុងការជាប់ជម្រើសជាតិ ខ្ញុំមិនដែលគិតនោះទេ ព្រោះខ្ញុំមកលេងបាល់គឺដើម្បីក្លឹបភ្នំពេញក្រោន ប៉ុន្តែបើសិនខ្ញុំមានឈ្នោះខ្ញុំក៏សប្បាយចិត្តដែរ » ។ ចំពោះចំនុចនេះអ្នកចាំទីដៃស្អិតរូបនេះបានបញ្ជាក់ទៀតថា « បើតាមខ្ញុំមើលឃើញបច្ចុប្បន្នជម្រើសជាតិគេមិនយកកីឡាករណាដែលល្អនោះទេ គេរើសយកអ្នកចាំទីនៅក្លឹបណាដែលមានកីឡាករជាប់តិចទៅជាប់ជម្រើសជាតិទៅវិញ នេះជាអ្វីដែលខ្ញុំមើលឃើញ ដូច្នេះខ្ញុំមិនដែលនឹងគិតថាបានជាប់ជម្រើសជាតិនោះទេ អ្វីដែលខ្ញុំធ្វើគឺដើម្បីក្លឹបភ្នំពេញក្រោន » ។

សូមបញ្ជាក់ផងដែរថាកីឡាករគង់ ច័ន្ទវុទ្ធី ទើបតែបង្ហាញខ្លួនជាមួយក្រុមភ្នំពេញក្រោនបីលើកតែប៉ុណ្ណោះសម្រាប់រដូវកាលនេះ តែរូបគេធ្វើបានយ៉ាងល្អដោយបិតមិនឲ្យគេទាត់បញ្ចូលទីពីរប្រកួត ៕

មតិយោបល់


អត្ថបទផ្សេងៗ