លោក កែវ សុខង៉ន និយាយពីបទពិសោធន៍ឆ្នាំដំបូងក្នុងតួនាទីជាអ្នកចាត់ការក្រុម

November 20, 2019 - 8:48 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

អាជីពជាលើកដំបូងក្នុងនាមជាអ្នកចាត់ការក្រុម លោក កែវ សុខង៉ន បានហៅថាមិនមានអ្វីប្លែកគ្នាពីកាលនៅកីឡាករនោះទេ ប៉ុន្តែត្រូវការបទពិសោធន៍បន្ថែមទៀតដើម្បីសម្រួចខ្លួនឯង និងក្រុមឲ្យធ្វើបានល្អនារដូវកាលក្រោយ។

លោក កែវ សុខង៉ន បានចូលកាន់តួនាទីជាអ្នកចាត់ការក្រុមភ្នំពេញក្រោន កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ២០១៨ មុនពេលបញ្ចប់អាជីពជាកីឡាករបាល់ទាត់កាលពីរដូវកាល២០១៧ ជាមួយ ក្លិបបាល់ទាត់ភ្នំពេញក្រោន ដដែរ។

នារដូវកាលដំបូងឆ្នាំ២០១៩ លោក សុខង៉ន បានដឹកនាំក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងទទួលបានចំណាត់ថ្នាក់លេខ៦ នៅក្នុងលីគកំពូលកម្ពុជា។

នាពេលជាកីឡាករបុរសរូបនេះមានបទពិសោធន៍ជោគជាំ និងធ្លាប់ឈ្នះពានរង្វាន់ជាច្រើនដូចជា លីគកំពូលកម្ពុជា ចំនួន៤លើក និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ចំនួន២លើក។

លោក កែវ សុខង៉ន បានបរិយាយពីអាជីពអ្នកចាត់ការក្រុមថា៖«និយាយមួយរដូវកាលនេះយើងជួបបញ្ហាច្រើន ប៉ុន្តែអ្វីជាបទពិសោធន៍នោះគឺការអភិវឌ្ឍន៍ខ្លួនពីកីឡាករ ទៅជា អ្នកចាត់ការក្រុម ប៉ុន្តែក៏មិនមានអ្វីប្លែកគ្នាច្រើនដែរ»។

«ជាឆ្នាំដំបូងទទួលបានបទពិសោធន៍ច្រើនដែលត្រូវកែតម្រូវសម្រាប់រដូវកាលថ្មី ពីបច្ចេកទេសលេងរបស់កីឡាករ និយាយទៅគឺគ្រប់កាលៈទេសៈទាំងអស់។ បាល់ទាត់ មិនងាយស្រួលទេនៅពេលយើងជាកីឡាករផ្សេង អ្នកចាត់ការក្រុមផ្សេង ប៉ុន្តែអ្វីទទួលបានគឺជាបទពិសោធន៍តែមួយ។ ជារឿងធម្មតានៅពេលយើងកាន់តែធ្វើកាន់តែខុស យើងដឹងហើយបទពិសោធន៍លើកដំបូងរបស់ខ្ញុំក្នុងរដូវកាល២០១៩នេះ ឃើញថាមានចំណុចខ្វះខាតច្រើន ចំណុចមួយចំនួនក៏នឹងកែតម្រូវដោយគិតថានឹងល្អជាងមុខ ខណៈនឹងព្យាយាមឲ្យអស់ពីសមត្ថភាព»។

«បាល់ទាត់មិនមែនសម្រាប់តែការចង់ឈ្នះមួយមុខនោះទេ គឺយើងលេងជាក្រុម និងពាក់ព័ន្ធសំណាង ដោយយើងត្រូវការទាមទារខ្លាំងសម្រាប់គុណភាព»។

«យើងនឹងព្យាយាមមាននាទីឲ្យកីឡាករវ័យក្មេងបានលេងច្រើន។ បើយើងគិតទៅបាល់ទាត់សម័យឥលូវក្មេងមានអទិភា​ព និងលទ្ធភាពច្រើនជាង។ បាល់ទាត់ត្រូវការកម្លាំង ហើយក៏ត្រូវការនាទីលេងផងដែរ។ សម្រាប់រដូវកាលថ្មីនេះខ្ញុំសង្ឃឹមថាពួកគាត់នឹងមានសមត្ថភាពបង្ហាញឲ្យបានកាន់តែច្រើន។ កីឡាករនីមួយៗនៅពេលមានឱកាសបង្ហាញច្រើន ការលេង, ការតាំងចិត្ត និងការយល់ចិត្ត ក៏កាន់តែខ្ពស់ដែលនេះហើយជាពេលសម្រាប់ពួកគេក្នុងការបង្ហាញសមត្ថភាព»។

«ជាចុងក្រោយអរគុណសម្រាប់មតិរិះគន់អ្នកគាំទ្រជាច្រើនដែលពួកគាត់តែងតែកែតម្រូវចង់ឲ្យយើងល្អ ហើយអ្នកគាំទ្រមួយចំនួនទៀតក៏សរសើរ។ យើងសង្ឃឹមថាពួកគាត់នឹងបន្តនៅជាមួយយើងទៀត»៕

មតិយោបល់


អត្ថបទផ្សេងៗ