អ្នកចាត់ការទូទៅក្រុមធំ លោក កែវ សុខង៉ន ជុំវិញនឹងការអភិវឌ្ឍន៍របស់ក្រុម ក្នុងការប្រកួតប្រជែងលីគ

January 29, 2020 - 5:06 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាកាន់តែខិតជិនមកដល់ ហើយក្រុមឈុតធំភ្នំពេញក្រោនបានបង្ហាញខ្លួនក្នុងពានរង្វាន់ចំនួន២នៃការប្រកួត Pre-Season កន្លងមកនេះគឺពានរង្វាន់ Smart RSN Cup 2020 និង Leo Pre-Season Cup 2020 នៅប្រទេសថៃ ។ អ្នកចាត់ការទូទៅក្រុមធំ លោក កែវ សុខង៉ន បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនមួែមយចំនួនក្រោយពីសង្កេតមើលការលេងរបស់ក្រុមមួយរយៈកន្លងមកនេះ ដោយលោកបានយល់ថាឆ្នាំនេះក្រុមមានភាពខុសប្លែកពីឆ្នាំ មុនព្រោះមានការវិន័យរបស់កីឡាករ និងការរៀបចំកាន់តែល្អជាងមុន ។ អតីតខ្សែប្រយុទ្ធភ្នំពេញក្រោនរូបនេះបាននិយាយថា៖ « បើយើងប្រៀបធៀបជាមួយឆ្នាំមុន គឺឆ្នាំនេះមានការរៀបចំខ្លួនល្អជាងឆ្នាំមុនច្រើនដោយសារតែយើងមានការប្រកួតជាមួយក្រុមខ្លាំងក្រៅប្រទេសដូចជាក្រុម Kedah FA ក្រុម Chiangrai United អញ្ចឹងយើងមើលឃើញថាកីឡាករយើងមានភាពរីកចំរើនច្រើនទាំងយុវជន និងកីឡាករបរទេស ពោលគឺពួកគាត់មានការយល់ចិត្តគ្នា និងមានវិន័យល្អផងដែរ » ។

ជុំវិញនឹងបញ្ហារបួសទៅលើកីឡាករសំខាន់មួយចំនួនអ្នកចាត់ការទូទៅក្រុមរូបនេះបានបញ្ជាក់ថា៖ « យើងបានប្រឈមជាមួយនឹងបញ្ហាមួយចំនួនផងដែរ ព្រោះ២សប្តាហ៍ទៀតលីគយើងបានមកដល់ហើយកីឡាករសំខាន់ៗមានបញ្ហារបួសដូចជា ម៉ៅ ពិសិដ្ឋ ប្រាក់ ធីវ៉ា កុក បុរីស និង Paulo ។ ពួកគាត់គឺជាកីឡាករល្អៗរបស់យើង តែយើងក៏ត្រូវធ្វើការពិចារណាជាមួយក្រុមការងារបច្ចេកទេសរបស់ក្លឹបដើម្បីរកកីឡាករមកជំនួសតំណែងពួកគេ ហើយយើងសង្ឃឹមថា២សប្តាហ៍ទៀតពួកគាត់នឹងអាចចូលរួមជាមួយយើង ។ ដោយឡែកយើងក៏ឃើញថាកីឡាករមួយចំនួនមានការរីកចំរើនខ្លាំងដូចជា៖ សាហ្វី ពិសុទ្ធ ពៅ ប៉ុនវុទ្ធី សុខ សុវណ្ណ បារាំង និងមូស្លីម ដូច្នេះយើងក៏មិនសូវមានការព្រួយបារម្ភខ្លាំងលើការបាត់បង់កីឡាករគោលមួយចំនួននោះផងដែរ » ។

ជាចុងក្រោយលោកកែវ សុង៉នបានបន្ថែមថា៖ « ទោះជាយ៉ាងណាក៏ដោយនៅឆ្នាំនេះ ក្រុមរបស់យើងនឹងព្យាយាមប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីប្រជែងយកជើងឯកទាំងអស់គ្នានៅឆ្នាំ២០២០នេះ ព្រោះពួកយើងខកខានក្នុងការបង្ហាញនូវភាពខ្លាំងរបស់ក្រុមរយៈពេល៤ឆ្នាំមកហើយ » ៕

 

 

មតិយោបល់


អត្ថបទផ្សេងៗ