Hun Sen Cup៖ លោក កែវ សុខង៉ន និងអ្នកចាំទី អ៊ុំ វិចិត្រ ក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣

November 6, 2020 - 4:41 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវជួប ក្លឹបបាល់ទាត់ខេត្តព្រៃវែង សម្រាប់ការដណ្តើមយកចំណាត់ថ្នាក់លេខ ៣ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២០ ដែលនឹងធ្វើឡើងវេលាម៉ោង ៣ រសៀល នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ។

ក្នុងនោះដែរលោក កែវ សុខង៉ន ជាអ្នកចាត់ការក្រុម និងអ្នកចាំទីអ៊ុំ វិចិត្រ បានចូលរួមក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិ។

លោក កែវ សុខង៉ន បានថ្លែងថា៖«យើងនឹងត្រូវជួបក្រុម ខេត្តព្រៃវែង នាវេលាម៉ោង ៣រសៀល។ ក្រុមរបស់ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញខ្លួននៅលើទីលាននាថ្ងៃស្អែក»។

«ការពិតទៅល្អមែនទែននៅពេលយុវជនក៏បានយកឈ្នះក្រុមល្អៗក្នុងលីគដូចជា អង្គរថាយហ្គឺរ, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងលេងស្មើ វិសាខា រហូតឈានដល់វគ្គប៉េណាល់ទី។ សម្រាប់ ភ្នំពេញក្រោន ក៏មានយុវជនច្រើនផងដែរ ប៉ុន្តែយើងអាចពួកគេលេងជាយុវជនទៀតហើយដោយបានអភិវឌ្ឍខ្លួនជាមូយក្រុមធំ»។

«យើងក៏មិនអាចមើលស្រាលកីឡាករវ័យក្មេង បន្ទាប់ពីឃើញសមត្ថភាព និងការតាំងចិត្តរបស់គាត់ខ្ពស់។ សម្រាប់យើងក៏លេងដោយមានទំនុកចិត្តដូចគ្នា និងមិនមើលងាយគូប្រកួត។ ខ្ញុំគិតថាវានឹងក្លាយជាគូប្រកួតល្អមើលនៅពេលយុវជន ប៉ះ យុវជនដូចគ្នា»។

«តាមពិតល្អនៅពេលមានការប្រកួតច្រើន។ រយៈពេល ២ឆ្នាំហើយដែលពុំមានការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ ៣ បើសិនយើងមានការប្រកួតខ្ញុំគិតថាយុវជនរបស់យើងអាចបង្ហាញសមត្ថភាពច្រើនក្នុងការអភិវឌ្ឍឆ្ពោះទៅ SEA Games 2023។ ស្របពេលបច្ចុប្បន្នកំពុងតែមានការរាតត្បាត COVID-19 ដូច្នេះបើសិនមានការប្រកួតកាន់តែច្រើន គឺកាន់តែល្អ»។

ចំណែកកីឡាករ អ៊ុំ វិចិត្រ ក៏បង្ហាញពីចំណាប់អារម្មណ៍នៅពេលមុនការប្រកួតមកដល់យ៉ាងដូច្នេះថា៖«ក្នុងនាមពួកយើងជារាមច្បងនឹងព្យាយាមឲ្យល្អសម្រាប់ ភ្នំពេញក្រោន និងមិនអាចមើលងាយគូប្រកួត។ ជាក់ស្តែងយើងបានឃើញការប្រកួតរបស់ពួកគេកន្លងមកនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពួកគេធ្វើបានល្អ ប៉ុន្តែដោយសារពុំសូវមានសំណាងដោយបរាជ័យនៅវគ្គការសេចក្តីដោយបាល់ប៉េណាល់ទីជាមួយ វិសាខា។ ខណៈក្រុមរបស់ខ្ញុំក៏ដូចគ្នាមិនសូវមានសំណាងពេលទាត់ប៉េណាល់ទីជាមួយ ណាហ្គាវើលដ៍។ ពួកយើងនឹងត្រៀមខ្លួនជានិច្ចមិនអាចធ្វេសប្រហេសគ្រប់វិនាទី»៕

មតិយោបល់


អត្ថបទផ្សេងៗ