តើកក្កដា និងសុវណ្ណយល់ឃើញបែបណាក្រោយពីបានហ្វឹកហាត់ជាមួយ Honda ជាលើកដំបូង?

September 5, 2018 - 11:50 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជាកីឡាករពីររូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ស៊ិន កក្កដា និងអ៊ុក សុវណ្ណ សុទ្ធតែបង្ហាញអារម្មណ៍ថាសប្បាយចិត្ត និងរំភើបក្នុងការបង្ហាញខ្លួនក៏ដូចជាចូលរួមជួយក្រុមគោព្រៃកម្ពុជានេះ ។

កីឡាករវ័យក្មេងជាងគេក្នុងក្រុមជម្រើសជាតិ គឺកីឡាករ ស៊ិន កក្កដាបានយល់ឃើញថា៖ « នេះជាលើកទី៥ ហើយសម្រាប់ការជាប់ជម្រើសជាតិរបស់ខ្ញុំ ហើយខ្ញុំពិតជារៀនសូត្របានច្រើនណាស់ពីក្រុមជម្រើសជាតិ ។ ការពីម្សិលមិញនេះគឺគ្រូបង្វឹកថ្មីគ្រាន់តែមើលលើទម្រង់លេងរបស់យើង ហើយគាត់បកស្រាយប្រាប់ពីចំនុចខ្វះខាតរបស់យើង ជារួមខ្ញុំយល់ឃើញថាវត្តមានរបស់គាត់គឺល្អសម្រាប់ក្រុមជម្រើសជាតិកម្ពុជា » ។

ដោយឡែកខ្សែការពារស្តាំរបស់យើងគឺកីឡាករ អ៊ុក សុវណ្ណ បាននិយាយថា៖ « នេះជាលើកទីពីរហើយសម្រាប់ខ្ញុំដែលជាប់ឈ្មោះជាមួយក្រុមជម្រើសជាតិ ចំពោះការដឹកនាំរបស់គ្រូថ្មីគឺល្អទាំងការរៀបចំ និងការជ្រើសរើសកីឡាករ ដោយពួកគាត់សុទ្ធតែជាកីឡាករដែលមានគុណភាព និងជាកីឡាករល្អៗប្រចាំក្លឹបរបស់ខ្លួន ។ ចំពោះគ្រូថ្មីរបស់យើង ខ្ញុំយល់ថាពួកគាត់ទាំងពីរគឺល្អមានបទពិសោធន៍ច្រើនទាក់ទងនឹងការលេងរបស់គាត់ទាំងនៅតំបន់អាស៊ី និងនៅតំបន់អ៊ឺរ៉ុប ដែលធ្វើឲ្យគាត់មានភាពងាយស្រួលក្នុងការមើលឃើញពីចំនុចខ្វះខាតរបស់យើង ដើម្បីឲ្យយើងធ្វើការកែលម្អរ » ។

សូមបញ្ជាក់ផងដែរថាក្រុមគោព្រៃកម្ពុជានឹងធ្វើការប្រកួតជាលើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Keisuke Honda ជាលក្ខណះមិត្តភាពអន្តរជាតិជាមួយក្រុមម៉ាឡេស៊ីនៅថ្ងៃទី១០ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិអូឡាំពិចនាពេលខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ