Jonny Campbell ប្រាប់មិត្តរួមក្រុមថាមិនត្រូវបោះបង់ក្តីសង្ឃឹមចោលនោះទេ

June 11, 2018 - 2:37 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

បន្ទាប់ពីប្រកួតចាញ់ក្រុមបឹងកេត ក្រោមលទ្ធផល ២-៣ រួចមក កីឡាកររបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនបានបញ្ចេញមតិយោបល់រាងៗខ្លួនជុំវិញការប្រកួតនោះ ។

ក្នុងនោះកីឡាករ Jonny Campbell ដែលត្រូវបានលោក Sean Sainbury គ្រូបង្គោលរបស់ក្រុមផ្លាស់ប្តូរតំណែងពីខ្សែការពារឲ្យមកលេងប្រយុទ្ធវិញនោះបានយល់ឃើញថា៖ «ខ្ញុំគិតថាវាជាការបរាជ័យដ៏ធ្ងន់ធ្ងរមួយសម្រាប់ការប្រកួតម្សិលមិញនេះ ប៉ុន្តែខ្ញុំមានមោទកភាពខ្លាំងណាស់ចំពោះទម្រង់លេងរបស់យើងពេញ ៩០នាទីនោះតែម្តង ។ អ្នកទាំងអស់គ្នាព្យាយាមរហូតដល់ចប់ការប្រកួត បើទោះបីជាយើងទទួលបានកាតក្រហម នៅសល់តែគ្នា ១០នាក់ក៏ដោយ ។ ការចាញ់វាមិនដែលងាយស្រួលនោះទេ ប៉ុន្តែខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រុមរបស់យើងមានឆន្ទះក្នុងការត្រលប់មកទទួលជ័យជំនះវិញ ។ យើងនៅមានប្រកួតជាច្រើនទៀតក្នុងរដូវកាលនេះ ដូច្នេះយើងមិនត្រូវបោះបង់ក្តីសង្ឃឹមចោលនោះទេ» ។

គួរបញ្ជាក់ផងដែរថា កីឡាករជនជាតិអាម៉េរិគដែលមានបទពិសោធន៍ច្រើនក្នុងការការពាររូបនេះ មានឆន្ទះក្នុងការជួយក្រុម បើទោះបីជារូបគេត្រូវបានផ្លាស់ប្តូរតំណែងនៃការលេងជាញឹកញាប់ក៏ដោយ ៕

មតិយោបល់


អត្ថបទផ្សេងៗ