អ៊ន ចាន់ប៉ូលីន៖«ខ្ញុំរៀនបានច្រើន» អំពីបទពិសោធន៍នៅ SEA Games

December 16, 2019 - 1:57 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

អ៊ន ចាន់ប៉ូលីន មានមោទនភាពបានក្លាយជាប្រធានក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ក្នុងវិញ្ញាសារបាល់ទាត់បុរស នៃព្រឹត្តិការណ៍កីឡា SEA Games នៅប្រទេសហ្វីលីពីន ស្របពេលបានបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ៤។
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ បរាជ័យក្នុងការដណ្តើមយកមេដាយសំរិទ្ធ បន្ទាប់ចាញ់ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម២២ឆ្នាំ នៅវគ្គបាល់ប៉េណាល់ទី។ ប៉ុន្តែខ្សែបម្រើរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន រូបនេះបាននិយាយថានេះគឺជាសមិទ្ធិផលថ្មីមួយសម្រាប់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ អាចឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កីឡាករវ័យ ២១ឆ្នាំ សង្ឃឹមថានឹងអាចប្រើប្រាស់បទពិសោធនៅ SEA Games របស់ខ្លួនដើម្បីបោះជំហានទៅមុខនៅមុនពេលចាប់ផ្តើមរដូវកាលថ្មីជាមួយ ភ្នំពេញក្រោន។
អ៊ន ចាន់ប៉ូលីន និយាយថា៖«យើងអាចនិយាយបានថាវាជាសមិទ្ធិផលថ្មីមួយសម្រាប់ពួកយើងដែលយើងបានលេង ៦ ប្រកួតដូចដែលយើងបានគ្រោងទុក ប៉ុន្តែយើងខកចិត្តចំពោះលទ្ធផលយើងមិនអាចទទួលបានមេដាយ»។

«ខ្ញុំពិតជាមានមោទនភាពណាស់ក្នុងនាមជាចំណែកមួយនៃក្រុម និងអាចលេងបានដល់ទៅ៦ប្រកួត ប៉ុន្តែវាពិតជាលំបាក និងឈឺក្បាលខ្លាំងណាស់ក្នុងការលេងគ្រប់ប្រកួតទាំងអស់ ព្រោះវាទាមទារការថែរក្សារាងកាយ ថាមពល និងព្យាយាមហ្វឹកហាត់សម្រាប់ការប្រកួតដទៃទៀត»។

«ខ្ញុំមានរឿងជាច្រើនត្រូវរៀនពី SEA Games។ ការប្រកួតនីមួយៗគឺខុសគ្នា ព្រោះពួកគេលេងបែបប្រព័ន្ធ និងយុទ្ធសាស្ត្រផ្សេងៗគ្នា។ ដូច្នេះអ្នកត្រូវតែចេះបត់បែនក្នុងការប្រកួតនីមួយៗ។ បទពិសោធន៍នេះនឹងជួយខ្ញុំឱ្យរីកចម្រើននៅរដូវកាលថ្មី។ វាមិនគ្រប់គ្រាន់ទេសម្រាប់ខ្ញុំ។ ខ្ញុំនៅមានរឿងជាច្រើនត្រូវរៀនបន្ថែមទៀត»៕

មតិយោបល់


អត្ថបទផ្សេងៗ