អ្នកចាំទី អ៊ុំ វិចិត្រ ហៅជ័យជម្នះលើ អគ្គិសនីកម្ពុជា «គ្រាន់តែជាការចាប់ផ្តើម»

February 18, 2020 - 3:09 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដណ្តើមបាន៣ពិន្ទុក្នុងការប្រកួតបើកឆាកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០២០ ខណៈបានយកឈ្នះក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា ៣ទល់០ នៅកីឡដ្ឋាន Smart RSN កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។

Timothy Okereke បានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ ភ្នំពេញក្រោន និងជួន ចាន់ចាវ រកគ្រាប់បាល់បញ្ចូលទីបន្ថែមទៀតដើម្បីជួយក្រុមទទួលបាន៣ពិន្ទុ។

ទោះយ៉ាងណាកីឡាករ អ៊ុំ វិចិត្រ បានបញ្ជាក់ថាវាគ្រាន់តែជាការចាប់ផ្តើមមួយសម្រាប់ ភ្នំពេញក្រោន ខណៈអ្នកចាំទីរូបនេះចាត់ទុកក្រុមជើងឯកលីគកំពូលកម្ពុជា៦សម័យកាលថាជាក្រុមល្អជាងក្នុងការឈ្នះកាលពីថ្ងៃសៅរ៍កន្លងទៅ។

អ្នកចាំទីរូបនេះបានប្រាប់គេហទំព័រ ppcfc.com«ខ្ញុំគិតថាអ្នកទាំងអស់គ្នាដឹងពីគុណភាពរវាងភាគីទាំងពីរ ពីព្រោះយើងជាក្រុមល្អជាង អគ្គិសនីកម្ពុជា។ យើងបានចូលទៅក្នុងការប្រកួតដោយដឹងថាយើងនឹងឈ្នះបីពិន្ទុ»។

«វាគ្រាន់តែជាការចាប់ផ្តើម ហើយយើងត្រូវតែមើលទៅមុខ។ យើងមានកីឡាកររបួសច្រើន ដូច្នេះទម្រង់លេងមិនទាន់ឈានដល់កម្រិតដែលយើងចង់បាននៅឡើយទេ។ យើងអាចវាយតម្លៃសមត្ថភាពក្រុមរបស់យើងនៅពេលដែលយើងជួបក្រុមធំ»។

«យើងបានព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយគ្នា ប៉ុន្តែយើងមានភាពប្រសើរឡើងច្រើន។ យើងនឹងព្យាយាមកែលម្អ និងរៀនសូត្របន្ថែមទៀត។ យើងធ្វើបានយ៉ាងល្អក្នុងនាមជាក្រុមមួយដែលជាភាពវិជ្ជមានមួយផ្សេងទៀតដែលខ្ញុំមើលឃើញពីការប្រកួតនេះ»។

ជាមួយនឹងការរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់ក្នុងការប្រកួតដំបូងជាមួយ ភ្នំពេញក្រោន រូបគេបានបង្ហាញអារម្មណ៍អរគុណដល់មិត្តរួមក្រុមចំពោះការងារដ៏អស្ចារ្យនៅក្នុងការការពារ។

អ៊ុំ វិចិត្រ បានបន្ថែមថា«វាមិនមែនជាការប្រកួតពិបាកសម្រាប់ពួកយើងទេ ប៉ុន្តែអរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការជួយយើងរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់»៕

មតិយោបល់


អត្ថបទផ្សេងៗ