បទសម្ភាសន៍ពិសេសជាមួយនឹង Leonardo Victorino ជុំវិញការបោះជំរំនៅប្រទេសថៃ

January 21, 2019 - 11:33 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខណៈពេលក្រុមឈុតធំភ្នំពេញក្រោនកំពុងតែបោះជំរំនៅប្រទេសថៃ បន្ទាប់ពីមិនអាចឈានទៅវគ្គបន្តនៃពានរង្វាន់ Leo Pre-Season Cup 2019 ក្រោយប្រកួតចាញ់ក្រុម Nakhonratchasima FC ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍ ទី១៩កន្លងទៅនេះ ។ ខាងក្រោមនេះគឺជាបទសម្ភាសន៍ជាមួយគ្រូបង្វឹកក្រុមឈុតធំលោក Leonardo Victorino ជុំវិញការបោះជំរំនៅប្រទេសថៃ៖

សំនួរ៖ តើលោកយល់យ៉ាងណាសម្រាប់ការប្រកួតនឹងការបោះជំរំនៅប្រទេសថៃនេះ?

Leonardo Victorino៖ វាជាលើកទីមួយហើយដែលកីឡាករយើងទាំងអស់លេងជុំគ្នា ហើយយើងមើលឃើញថានេះជាការប្រកួតលើកទីមួយរបស់សាហ្វីក្នុងការប្រកួតអន្តរជាតិ បើនិយាយពីសុខថនវិញគឺគាត់ធ្វើការងារច្រើនទាំងគាត់មិនទាន់ជាសះពីរបួស១០០%នោះទេ ហើយកីឡាករមួយចំនួនទៀតក៏មានបញ្ហារបួសដូចជាប៉ូលីន ដែលរបួសតាំងពីពេលគេលេងជាមួយក្រុមជម្រើសជាតិ ខ្ញុំគិតថានៅពេលដែលក្រុមយើងរួចរាល់ហើយនោះ យើងនឹងទទួលបានលទ្ធផលល្អជាមិនខាន ។

សំនួរ៖ ឆ្លងកាត់ការប្រកួតលើដំបូងជាមួយក្រុមខ្លាំង Nakhonratchasima FC តើលោកយល់ថាយើងត្រូវកែតម្រូវនៅតំបន់ណាខ្លះ?

Leonardo Victorino៖ អ្វីដែលយើងត្រូវកែតម្រូវបន្ថែមទៀតនោះគឺនៅតំបន់កណ្តាល និងតំបន់ប្រយុទ្ធ ដែលត្រូវធ្វើការជាមួយគ្នាឲ្យបានល្អ ដើម្បីរកគ្រាប់បាល់ឲ្យបានទៅតាមលទ្ធភាពដែលអាចយើងបាន ។

សំនួរ៖​ តើលោកមានគម្រោងយ៉ាងណាសម្រាប់ការបោះជំរំនៅប្រទេសថៃនេះ?

Leonardo Victorino៖ យើងត្រៀមខ្លួនសម្រាប់ការប្រកួតលក្ខណៈមិត្តភាពជាបន្តបន្ទាប់ ជាក់ស្តែងដូចជាថ្ងៃនេះយើងលេងជាមួយនឹងក្រុម Army Regional 2 ហើយយើងក៏បានណាត់គ្នាជាមួយក្រុម Buriram មុននឹងត្រៀមការប្រកួតមិត្តភាពមួយទៀតនៅទីក្រុងបាងកក។

សំនួរ៖ តើយើងនឹងបានអត្ថប្រយោជន៍អ្វីខ្លះលើការប្រកួតទាំងនេះ?

Leonardo Victorino៖ វាពិតជាសំខាន់ណាស់សម្រាប់កីឡាកររបស់យើងដើម្បីឲ្យពួកគេមានគុណភាពនៃការលេងលើទីលានព្រោះពួកយើងស្ថិតក្នុងដំណាក់ការនៃការរៀបចំក្រុមមួយដែលថ្មីដូច្នេះយើងត្រូវការពេលវេលាបន្ថែមទៀតខ្ញុំគិតថាការប្រកួតមិត្តភាពទាំងនេះនឹងធ្វើឲ្យកីឡាកររបស់យើងលេងកាន់តែយល់ចិត្តគ្នាហើយខ្ញុំក៏សង្ឃឹមដែរថាយើងនឹងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតក្នុងពានរង្វាន់លីគកំពូលនាពេលខាងមុខ។

សូមបញ្ជាក់ថានៅថ្ងៃនេះក្រុមភ្នំពេញក្រោននឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុម Army Regional 2 នាវេលាម៉ោង៤រសៀល នៅកីឡដ្ឋាន 80th Stadium នៅខេត្ត Nakhonratchasima ប្រទេសថៃ ៕ 

មតិយោបល់


អត្ថបទផ្សេងៗ