ប៊ិ សុខខី៖ « គ្មានអ្វីធំជាងសាមគ្គីភាពនៅលើទីលាននោះទេ សម្រាប់ការប្រកួតថ្ងៃនេះ… »

December 23, 2019 - 8:25 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នារសៀលម៉ោង៣:០០នេះ ក្រុមនារីភ្នំពេញក្រោននឹងប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមនារីខេត្តស្វាយរៀង ក្នុងពានរង្វាន់ជម្រើសជើងឯកនារីឆ្នាំ២០១៩ នៅសាលាបាល់ទាត់ជាតិបាទី ខ្សែការពារកណ្តាល ប៊ិ សុខខី បានបង្ហាញចំណាប់អារម្មណ៍រីករាយ និងប្រុងប្រយ័ត្នខ្ពស់សម្រាប់ការប្រកួតចុងក្រោយនេះផងដែរ ។ ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារភ្នំពេញក្រោនសុខខីបាននិយាយថា៖ « នៅពេលដែលក្រុមយើងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះក្រុមស្រីរបស់ភ្នំពេញក្រោនមិនដែលបានឡើងមកដល់វគ្គនេះទេ ។ ការប្រកួតនេះគឺជាការប្រកួតដ៏ស្វិតស្វាញមួយ យើងមិនអាចមើលងាយក្រុមស្វាយរៀងនោះទេ ព្រោះខ្ញុំដឹងថាពួកគេច្បាស់ជាត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះ ដូច្នេះពួកយើងក៏ត្រូវតែត្រៀមឲ្យបានច្រើនដូចគ្នាដែរ » ។

ជុំវិញជាមួយនឹងចំណាប់អារម្មណ៍លើក្រុមនារីខេត្តស្វាយរៀង ខ្សែការពាររូបនេះបាននិយាយថា៖ « ស្វាយរៀងជាក្រុមជើងឯកចាស់ ហើយទំរាំមកដល់វគ្គនេះគេបានយកឈ្នះក្រុមនារីខេត្តកំពង់ស្ពឺ ហើយក្រុមនារីយើងបានចាញ់ក្រុមនារីកំពង់ស្ពឺ ប៉ុន្តែយើងបានយកឈ្នះក្រុមសៀមរាប ខណៈពេលដែលពួកគេបានប្រកួតចាញ់ក្រុមសៀមរាបដូចគ្នា ដូច្នេះខ្ញុំគិតថាការប្រកួតនេះនឹងល្អមើលជាក់ជាមិនខាន ។ យើងក៏ធ្លាប់មានប្រវត្តិលេងជាមួយក្រុមស្វាយរៀងនេះដែរ ពោលគឺយើងលេងស្មើរជាមួយគេដល់ទៅ២ដងក្នុងការប្រកួតកន្លងមក » ។

បើនិយាយពីការត្រៀមខ្លួនសម្រាប់ក្រុមវិញសុខខីបានបញ្ជាក់ថា៖ « ថ្វីត្បិតតែការប្រកួតជាប់ៗគ្នាក្តី ក៏ក្រុមយើងត្រៀមខ្លួនរួចរាល់ដែរ ពោលគឺម្នាក់ៗព្យាយាមថែទាំខ្លួនដើម្បីការប្រកួតដ៏សំខាន់នេះ ទាំងការហូបចុក សុខភាព និងការរក្សាកម្លាំង ។ ពួកយើងមកលើកនេះគឺយើងប្តេជ្ញាថានឹងយកជ័យជម្នះឲ្យបានព្រោះយើងមិនងាយបានលេងពេញជើងជាមួយគ្នាបែបនេះទេ ទម្រង់លេងរបស់យើងគឺល្អជាងពេលដែលយើងលេងស្មើរជាមួយពួកគេនាពេលកន្លងមក ។ ខ្ញុំសង្ឃឹមថាពួកយើងនឹងធ្វើបានល្អដូចជាពេលដែលយើងលេងជាមួយសៀមរាប ព្រោះម្នាក់ៗមិនគិថាក្រុមយើងអាចឈ្នះនោះទេ តែពេលនេះយើងធ្វើបាន » ។

ជាចុងក្រោយកីឡាការិនីរូបនេះបានបន្ថែមថា៖ « ខ្ញុំចង់និយាយទៅកាន់មិត្តរួមក្រុមទាំងអស់ថាយើងនៅសល់តែមួយប្រកួតនេះទៀតទេ យើងត្រូវលេងដោយប្រើបេះដូង និងធ្វើការសហការគ្នាឲ្យបានល្អ ជៀសវាងការប្រើអារម្មណ៍ច្រើនលើទីលាន ។ ក្រុមគេឡើងមកដល់វគ្គនេះគឺគេល្អហើយ ប៉ុន្តែយើងត្រូវតែសាមគ្គីគ្នា កុំបន្ទោសគ្នា ព្រោះខ្ញុំជឿថាគ្មានអ្វីធំជាងសាមគ្គីភាពនោះទេ » ។ សូមបញ្ជាក់ថានេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្រ្តក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលក្រុមនារីបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ជម្រើសជើងឯកនារីនេះ យើងសង្ឃឹមថាក្រុមនារីភ្នំពេញក្រោននឹងធ្វើបានល្អដើម្បីក្លឹប និងអ្នកគាំទ្ររបស់ខ្លួន ៕

មតិយោបល់


អត្ថបទផ្សេងៗ