ប្រធានក្រុម អ៊ុក សុធី និងខ្សែការពារ សឿត បារាំង យល់យ៉ាងណាមុនប៉ះអង្គរថាយហ្គឺរល្ងាចនេះ?

August 1, 2018 - 10:47 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ជំនួបរវាងក្រុមភ្នំពេញក្រោន និងក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅលើទឹកដីអង្គរខេត្តសៀមរាបនឹងធ្វើឡើងនៅថ្ងៃទី១ ខែសីហានេះនាវេលាម៉ោង ៣:៣០នាទី នៅកីឡដ្ឋានខេត្តសៀមរាបផ្ទាល់តែម្តង ។ ជាមួយគ្នានេះ កីឡាករ​២រូបបានថ្លែងពីចំណាប់អារម្មណ៍របស់ពួកគេមុនការប្រកួតចាប់ផ្តើមជាផ្លូវការ ។

សម្រាប់វគ្គ ៨ក្រុមចុុងក្រោយនេះប្រធានក្រុម អ៊ុក សុធីបានរៀបរាប់ថា៖​ «មហាជនទូទៅយល់ឃើញថាការប្រកួតនេះស្រួលសម្រាប់ក្រោន ប៉ុន្តែចំពោះខ្ញុំគឺវាជាការប្រកួតមួយដែលលំបាក ព្រោះពួកគេបានឈានមកដល់វគ្គនេះ មួយវិញទៀតបើទោះបីជាយើងធ្លាប់លេងឈ្នះគេនៅក្នុងពានរង្វាន់លីគកំពូលក៏ដោយ ក៏ខ្ញុំយល់ថាឆន្ទៈនៃការលេងរបស់ពួកគេលើកនេះគឺខ្លាំងជាងមុនព្រោះកីឡាករខ្មែររបស់គេក៏មានគុណភាពល្អ» ។

ជាមួយគ្នានេះដែរខ្សែការពារឆ្នើម សឿត បារាំង យល់ឃើញថា៖ «ខ្ញុំសប្បាយចិត្តដែលបានទៅប្រកួតលើទឹកដីខេត្តសៀមរាបដែលជាស្រុកកំណើតរបស់ខ្ញុំ ហើយក្រុមអង្គរថាយហ្គឺរគឺគេលេងបានល្អ ប៉ុន្តែខ្ញុំប្រាកដថាយើងនឹងយកឈ្នះសម្រាប់ការប្រកួតនេះឲ្យបាន!» ។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ ដែលភ្នំពេញក្រោន និងអង្គរថាយហ្គឺរ បានជួបគ្នាក្នុងពានរបស់ថ្នាក់ដឹកនាំកំពូលមួយនេះ គ្រាដែលលើកទី១ ក្រុមទាំងពីរ បានជួបគ្នាក្នុងពូល កាលពីឆ្នាំ២០១៤ ដោយប្រកួត ៩០នាទីបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ