អ៊ន ចាន់ប៉ូលីន យល់ឃើញបែបណាចំពោះការប្រកួតជាមួយទីម័រខាងកើតថ្ងៃនេះ?

October 12, 2018 - 10:40 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែបម្រើវ័យក្មេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលកំពុងតែមានភារកិច្ចក្នុងជម្រើសជាតិកម្ពុជា អ៊ន ចាន់ប៉ូលីន បានសម្តែងអារម្មណ៍រំភើបរីករាយណាស់ដែលរូបគេបានជាប់ជម្រើសជាតិសារជាថ្មីម្តងទៀត ដែលនេះជាលើកទីប៏ហើយសម្រាប់រូបគេក្នុងការលេងតំណាងឲ្យប្រទេសកម្ពុជា ។ ប៉ូលីនបាននិយាយថារូបគេបានរៀនសូត្រច្រើនជាមួយគ្រូបង្វឹកថ្មីនេះ បើទោះបីជាទើបតែចំណាយពេលរយៈពេលខ្លីជាមួយគ្នាក្តី ។

ទាក់ទងនឹងការប្រកួតថ្ងៃនេះជាមួយក្រុមទីម័រខាងកើត ប៉ូលីនបានយល់ថា៖ « ឆ្លងកាត់ការហ្វឹកហាត់ជាមួយគ្នាមួយរយៈនេះ ក្រុមរបស់យើងមានការយល់ចិត្តគ្នាច្រើន ហើយយើងម្នាក់ៗពិតជាប្រឹងប្រែងខ្លាំងណាស់ និងខំប្រឹងធ្វើតាមអ្វីដែលគ្រូចង់បាន ជាពិសេទៅទៀតនោះពួកយើងនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីអ្នកគាំទ្រកម្ពុជា » ។ បន្ថែមពីនេះទៀតកីឡាករវ័យក្មេងរូបនេះបានសំណូមពរឲ្យអ្នកគាំទ្រចូលរួមទស្សនាការប្រកួតល្ងាចនេះឲ្យបានច្រើន និងរងចាំមើលពីភាពប្រែប្រួលរបស់ទម្រង់លេងរបស់កម្ពុជានាថ្ងៃនេះ ។

សូមបញ្ជាក់ថាក្រុមគោព្រៃកម្ពុជានឹងធ្វើការប្រកួតជាមួយក្រុមទីម័រខាងកើតនៅថ្ងៃស្អែកនេះ នាវេលាម៉ោង៦:៣០នាទីនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ អាស្រ័យហេតុនេះសូមបងប្អូនអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជាចូលរួមគាំទ្រក្រុមគោព្រៃរបស់យើងនាថ្ងៃស្អែកនេះឲ្យបានច្រើនកុះករ!

មតិយោបល់


អត្ថបទផ្សេងៗ