ហាញ់ មាន និយាយពីការរ៉ាប់រងតំណែងអ្នកចាំទីសម្រាប់ ៤ ប្រកួតចុងក្រោយ

November 27, 2020 - 2:32 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ម្ចាស់ជើងឯកពានរង្វាន់យុវជនអាយុក្រោម ១៨ ឆ្នាំ រដូវកាល ២០១៩ កីឡាករ ហាញ់ មាន បានបង្ហាញពីការតាំងចិត្តក្នុងការជួយក្រុមអាយុក្រោម ២១ ឆ្នាំ ភ្នំពេញក្រោន ក្នុងពានរង្វាន់ លីគលំដាប់ទី ២ (Cambodian League 2) សម្រាប់ការប្រកួត ៤ លើកនៅសល់។

អ្នកចាំទីជម្រើសទី ២ រូបនេះនឹងរ៉ាប់រងតំណែងអ្នកចាំទីសម្រាប់ ៤ ប្រកួតចុងក្រោយ ក្រោយអ្នកចាំទី គឹម ចាន់ធី ទទួលរងពិន័យរយៈពេល ៣ ខែ។

មាន បានបង្ហាញខ្លួនចំនួន ២ លើករួចមកហើយជាមួយ U21 ភ្នំពេញក្រោន ក្នុងការប្រកួតជាមួយ កំពង់ស្ពឺ និង ឬទ្ធិសែន នៅក្នុង​ពានរង្វាន់ លីគលំដាប់ទី ២។

ខណៈខាងក្រោមនេះគឺជាការបង្ហាញនូវចំណាប់អារម្មណ៍ទាំងស្រុងរបស់ ហាញ់ មាន និងប្តេជ្ញាតាំងចិត្តយកឈ្នះការប្រកួត ៤ លើកនៅសល់ដើម្បីប្រជែងយកតំណែង Top 4។

Image may contain: 1 person, standing

«សម្រាប់ការប្រកួតថ្ងៃស្អែក គឺយើងមិនអាចធ្វេសប្រហេសនៅចំណុចណាមួយបានឡើយ ដោយសារតែយើងបានចាញ់ ២ ប្រកួតកន្លងរួចមកហើយ។ ទោះបីជាខ្ញុំអ្នកចាំទីដៃទី  ២ ដែលត្រូវរ៉ាប់រងភារកិច្ចជំនួស ចាន់ធី​ ប៉ុន្តែខ្ញុំបានតាំងចិត្តខ្ពស់នឹងធ្វើឲ្យបានដោយសារតែយើងត្រូវការឈ្នះ និងពង្រឹងក្រុមខ្លាំងជាងមុខទៀត»។

«ខ្ញុំតាំងចិត្តខ្ពស់ដើម្បីជំនួស ចាន់ធី ព្រោះនេះជាការបង្ហាញ និងតាំងចិត្តថាក្រុមត្រូវតែខ្លាំង និងឈ្នះ ៤ ប្រកួតចុងក្រោយដើម្បីប្រជែងយកតំណែង Top 4 និងមានឱកាសឡើងទៅវគ្គបន្ត»។

«ខ្ញុំរំពឹងពួកយើងនឹងសហការគ្នាយកកំហុសពីការចាញ់ ២ ប្រកួតយកមកកែប្រែឡើងវិញដើម្បីកុំឲ្យមានកំហុសនៅ ៤ ប្រកួតចុងក្រោយនៅលើទីលានបន្តទៀត។ ដោយសារតែការបរាជ័យ ២ ប្រកួតធ្វើឲ្យយើងធ្លាក់មកដល់លេខ ៥ និងជារឿងពិបាកមួយសម្រាប់យើង ប៉ុន្តែយើងនឹងប្រឹងប្រែងបន្តសម្រាប់ការប្រកួតដែលនៅសល់ និងតាំងចិត្តខ្ពស់»។

«អំឡុងពេលសម្រាក Covid-19 គ្រូបង្វឹកតែងតែដាក់លំហាត់ហ្វឹកហាត់នៅផ្ទះយ៉ាងហោចណាស់ ២ ម៉ោងក្នុងមួយថ្ងៃ។ ដូច្នេះយើងពុំព្រួយបារម្ភលើការធ្លាក់កម្លាំងនោះទេ។ ដោយយើងបានរត់ល្បឿន និងលំហាត់កម្លាំងផ្សេងទៀត»។

គួរបញ្ជាក់ថា បច្ចុប្បន្ន U21 ភ្នំពេញក្រោន កំពុងស្ថិតនៅចំណាត់ថ្នាក់ទី ៥ ដោយមានត្រឹម ៧ ពិន្ទុពីការប្រកួតចំនួន ៥ លើកកន្លងមកឈ្នះ ២ ស្មើ ១ និងចាញ់ ខណៈមានតាមពីក្រោយ ៦ ពិន្ទុពីក្រុមស្ថិតនៅកំពូលតារាង៕

Image may contain: 2 people, people playing sports and outdoor, text that says 'Smart Smart 25 Canon EOS 5D CANON EF300 MM ©phnompenhcrownfc'

មតិយោបល់


អត្ថបទផ្សេងៗ