គ្រូបង្វឹកលោក ស៊ុំ វណ្ណា ៖«លទ្ធផលល្អ ប៉ុន្តែមិនមែនជាការបង្ហាញទម្រង់លេងដែលយើងចង់ឃើញ»

February 24, 2020 - 10:51 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

លោក ស៊ុំ វណ្ណា ពេញចិត្តនឹងជ័យជម្នះដ៏ធំធេងលើក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី សម្រាប់ការប្រកួតក្រៅដីលើកដំបូងក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០ ប៉ុន្តែរូបលោកមិនមានការចាប់អារម្មណ៍ចំពោះការលេងរបស់ក្រុមឡើយ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានទាត់បញ្ចូលទី៧គ្រាប់ លើក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី កាលពីរសៀលម្សិលមិញ ធ្វើបានដោយកីឡាករ Timothy Okereke ៣គ្រាប់ម្នាក់ឯង និង៤គ្រាប់ផ្សេងទៀតពីកីឡាករ Masaaki Ideguchi, Esoh Omogba, Andres Nieto និងកីឡាករ សេត រ៉ូហ្សាក់ ដែលបានផ្លាស់ប្តូរចូលនាវគ្គទី២។

ជ័យជម្នះ ៧ទល់០ លើក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី មើលឃើញថាក្រុមមានរហ្ស័សនាម Red Singha ឈរនៅលើកំពូលតារាងមិត្តហ្វូនខេមបូឌានលីគ ដោយមាន ៦ពិន្ទុពីការប្រកួតបើកឆាកពីរប្រកួត និងរកបាន ១០គ្រាប់ ដោយមិនទាត់មានការរបូតគ្រាប់បាល់ (clean sheet)។

លោក ស៊ុំ វណ្ណា បាននិយាយប្រាប់ ppcfc.com ថា៖«វាជាលទ្ធផលល្អ ប៉ុន្តែវាមិនមែនជាការបង្ហាញទម្រង់លេងដែលយើងចង់ឃើញនោះទេ។ យើងដឹងមុនការប្រកួតថាយើងនឹងឈ្នះការប្រកួតនេះវប៉ុន្តែការបង្ហាញ និងបច្ចេកទេសក្រុមមិនសូវល្អ ឬច្បាស់ទេក្នុងចំណោមកីឡាករ»។

«ខ្ញុំគិតថាយើងត្រូវការកែលម្អនៅក្នុងការប្រកួតបន្ទាប់។ កីឡាករត្រូវស្វែងយល់ឱ្យកាន់តែច្បាស់ទាក់ទងនឹងស្ថានភាពជាក់ស្តែងក្នុងពេលប្រកួត តើពួកគេគួរធ្វើអ្វីនៅពេលយើងឈ្នះ ឬចាញ់»។

«យើងបានប្រឈមនឹងគូប្រកួតពីរដែលមិនប្រើកីឡាករបរទេស ដូច្នេះយើងធ្វើបានយ៉ាងល្អក្នុងការការពាររបស់យើង។ យើងនឹងដឹងកាន់តែច្បាស់ពីរបៀបការពាររបស់យើងពេលយើងជួប អាស៊ីអឺរ៉ុបយូណាយធីត»។

«ខ្ញុំគិតថាយើងមានការចាប់ផ្តើមដ៏ល្អមួយសម្រាប់រដូវកាលថ្មី ហើយយើងបានប្រឈមនឹងក្រុមដែលយើងអាចទទួលបានលទ្ធផល។ នេះអាចផ្តល់ឱ្យយើងនូវការលើកទឹកចិត្តដ៏ធំ និងជាឱកាសសម្រាប់ពួកយើងដើម្បីឈរនៅលើកំពូលតារាងលីគ។ យើងនឹងព្យាយាមរក្សាជំហរនេះ»។

«យើងត្រូវតែធ្វើឲ្យប្រសើរឡើង ហើយយើងនឹងព្យាយាមរៀបចំក្រុមដ៏ល្អមួយដើម្បីត្រៀមនឹងការប្រកួតជាមួយ អាស៊ីអឺរ៉ុបយូណាយធីត នៅក្នុងទឹកដី»៕

មតិយោបល់


អត្ថបទផ្សេងៗ