មកស្គាល់កីឡាករយុវជនថ្នាលទាំង២២នាក់ដំបូងបំផុតរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលបង្កើតឡើងនៅឆ្នាំ២០១១

April 8, 2020 - 7:22 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

គិតមកទល់ពេលនេះមានរយៈពេលជាង៩ឆ្នាំហើយដែលក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចបង្កើតគម្រោងក្នុងការបណ្តុះបណ្តាលថ្នាលយុវជនសម្រាប់ក្រុមផ្ទាល់ និងជាក្លឹបបាល់ទាត់ដំបូងគេបង្អស់នៅកម្ពុជាដែលបានរៀបចំសម្រាប់ក្រុមយុវជនថ្នាល។ ការបង្កើតក្រុមយុវជនថ្នាល គឺជាគម្រោងអាទិភាពមួយក្នុងចំណោមគម្រោងផ្សេងទៀតដែល លោកឧញ៉ា ឬទ្ធី សំណាង ជាប្រធានក្លឹបបានសម្រេច បន្ទាប់ពីបង្កើតក្លឹបបាល់ទាត់ភ្នំពេញក្រោន, កីឡដ្ឋាន RSN, ក្រុមបាល់ទាត់នារី និងក្រុមយុវជនថ្នាលបុរស អាយុក្រោម ១១ឆ្នាំ, ១៣ឆ្នាំ, ១៦ឆ្នាំ និង១៨ឆ្នាំ និងហេដ្ឋារចនាសម្ព័ន្ធក្លឹបជាច្រើនផ្សេងទៀត។ យ៉ាងណាថ្ងៃនេះយើងនឹងពាំនាំព័ត៌មានមួយចំនួននៃការបង្កើតក្រុមយុវជនថ្នាលដំបូងបំផុតសម្រាប់ក្លឹប។

ក្រុមយុវជនថ្នាលបុរស បានបង្កើតជាផ្លូវការដំបូងនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១១ ក្រោយការធ្វើតេស្តជ្រើសរើសកីឡាករនៅតាមបណ្តាខេត្តក្រុងចំនួន ១៧ ទូទាំងប្រទេសរួចមក  និងសម្រេចបានកីឡាករចំនួន២២នាក់។ ខណៈកីឡាករទាំងអស់ត្រូវបានសម្រេចដាក់ក្នុងការបង្កើតក្រុមយុវជនថ្នាលអាយុក្រោម១៣ឆ្នាំ ក្រោមការដឹកនាំរបស់លោក ប៊ួយ ដារី និងលោក កៅ គិរី។

ក្រុមយុវជនទាំង២២នាក់នោះត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្លឹប លើការសិក្សា និងការហ្វឹកហាត់ស្របតាមស្តង់ដារអន្តរជាតិ បូករួមជាមួយរបបអាហារ និងការស្នាក់នៅរួមគ្នានៅកីឡដ្ឋាន RSN។

ជួរខាងក្រោយ៖ ស្រាំង ទិត្យឈី, សាវែង សំណាង, អ៊ុក សុវណ្ណ, អ៊ន ចាន់ប៉ូលីន, ម៉ាត់ សាក់រ៉ូវី, គីម ឆៃយ៉ា, អ៉ីន សុដាវីឌ, ជួន ចាន់ចាវ, ឈួត ស៉ិនទៀង, ពេជ្រ សុវណ្ណរ័ត្ន, សឿត បារាំង, ភឿន សុភ័ក្ត្រ

ជួរខាងមុខ៖ កែង ច័ន្ទសុភ័ក្ត្រ, ម៉ែន ពិភព, ឡុង ភារ៉ាត់, ថែម ឆាយ៉ា, យឿ ម៉ូស្លីម, សេត រ៉ូហ្សាក់, វ៉ាត់ សំណាង, សួន នឿត, ពៅ ប៉ុនវុទ្ធី, ណុប ដេវីឌ

ក្នុងឆ្នាំដំបូងនោះ ក្លឹបបានសហការជាមួយស្ថាប័ន Asia Pacific Football Academy (APFA) ដោយរួមគ្នាបង្កើតកម្មវិធីសិក្សាមួយដែលសង្កត់ធ្ងន់លើមូលដ្ឋានគ្រឹះនៃកីឡាបាល់ទាត់ ថែមទាំងបានបញ្ជូនក្រុមយុវជនថ្នាល អាយុក្រោម១៣ឆ្នាំមួយនេះទៅចូលរួមប្រកួត និងហ្វឹកហាត់ទៅតាមបណ្តាប្រទេសតាផ្សេងៗក្នុងតំបន់រួមមាន ប្រទេសសិង្ហបុរី ក្នុងព្រឹត្តិការណ៍ Singapore Sixes youth tournament, ការចូលរួមប្រកួតមិត្តភាពជាមួយកីឡាករប្រទេសវៀតណាម និងប្រទេសម៉ាឡេសុីជាដើម។

ចំពោះការប្រកួតក្នុងស្រុកវិញ ក្រុមថ្នាលយុវជនភ្នំពេញក្រោន ធ្លាប់ឈ្នះជើងឯកជាច្រើន ដូចជាពាន U17 ថ្នាក់ជាតិបាន ២លើក, U15 ថ្នាក់ជាតិ បាន ២លើក និងបានរក្សាកំណត់ត្រាល្អៗជាច្រើន ដូចជាក្នុងព្រឹត្តិការណ៍ U-14 Championship ដោយពួកគេបានបំបែកកំណត់ត្រាថ្មីមួយ គឺមិនដែលស្គាល់ពាក្យថាចាញ់ក្នុងការប្រកួតទាំង ១២លើក និងទាត់បញ្ចូលទីគូប្រកួតចំនួន ១២៧គ្រាប់ក្នុងមួយព្រឹត្តិការណ៍ ។

អត្ថបទពាក់ព័ន្ធ៖ ប្រវត្តិខ្លះៗនៃការកកើតក្រុមថ្នាលយុវជនភ្នំពេញក្រោនតាំងតែពីឆ្នាំ២០១១

មតិយោបល់


អត្ថបទផ្សេងៗ