ពាក្យសម្តីគ្រប់ម៉ាត់របស់គ្រូបង្វឹកលោក ស៊ុំ វណ្ណា ក្នុងសន្និសីទសារព័ត៌មានពានរង្វាន់ Smart RSN Cup 2020

January 9, 2020 - 1:50 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

គ្រូបង្វឹកបណ្តោះអាសន្នក្លឹបបាល់ទាត់ភ្នំពេញក្រោន លោក ស៊ុំ វណ្ណា បានចូលរួមសន្និសីទសារព័ត៌មានពានរង្វាន់ Smart RSN Cup 2020 នាព្រឹកមិញនេះនៅកីឡដ្ឋាន Smart RSN។

លោក ស៊ុំ វណ្ណា បានបញ្ចេញនូវចំណាប់អារម្មណ៍យ៉ាងដូចនេះសម្រាប់ពានរង្វាន់ខាងលើ៖«ជាឱកាសល្អសម្រាប់ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ សម្រាប់រដូវកាលថ្មីរបស់ភ្នំពេញក្រោន ដើម្បីធ្វើការវាស់ស្ទង់សមត្ថភាពមួយមុនទៅដល់ MCL ២០២០ របស់យើង ក្នុងរយៈពេល ៧ទៅ៨ សប្ដាហ៍ដែលយើងបានត្រៀមក្នុង Pre Season នេះ យើងចង់ដឹងថាតើកីឡាកររបស់យើងបានដល់កម្រិតណា ដើរដល់កម្រិតណា ស្វែងយល់បានដល់កម្រិតណា ដើម្បីយើងងាយស្រួលបន្ថែមទៀត មុននឹងយើងចាប់ផ្ដើមរដូវកាលថ្មីរបស់យើងនៅឆ្នាំ២០២០ នេះ ព្រោះយើងមានកីឡាករចំណូលថ្មីច្រើន យុវជនមកពីថ្នាលច្រើន ហើយយុវជនពីសហគមន៍មកចូលរួមក៏ច្រើន ចឹងហើយវាជាចំណុចល្អមួយដើម្បីយើងសម្លឹងមើល អង្គេតថាតើនៅក្នុងទីលាន សម្រាប់ការប្រកួតធំបែបនេះគាត់ធ្វើបានកម្រិតណា ហើយគាត់នៅខ្វះខាតកម្រិតណាទៀត។»។

កីឡដ្ឋាន Smart RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសហការជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត Smart Axiata រួមទាំងបណ្តាដៃគូឧបត្ថម្ភដទៃទៀត រួមគ្នាបង្កើតនូវពានរង្វាន់ Smart RSN Cup 2020 ដោយមានក្រុម ៣ចូលរួមរបស់កម្ពុជា និងម៉ាឡេស៊ី ដែលនឹងចាប់ផ្តើមប្រកួតនាថ្ងៃសុក្រនេះ។

គួររំលឹកផងដែរថា ពានរង្វាន់ Smart RSN Cup 2020 លេចចេញជារូបរាងក្រោមកិច្ចសហការរវាង ក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយក្រុមហ៊ុនទូរស័ព្ទចល័តឈានមុនគេនៅកម្ពុជា Smart Axiata រួមទាំងបណ្តាដៃគូឧបត្ថម្ភផ្សេងទៀត ដោយនឹងមានក្រុមចូលរួមចំនួន៣ ភ្នំពេញក្រោន, អង្គរថាយហ្គឺរ របស់លីគកំពូលកម្ពុជា និង Kedah FA របស់លីគកំពូលម៉ាឡេស៊ី ដែលធ្វើឡើងនៅកីឡដ្ឋាន Smart RSN ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

សម្រាប់ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Smart RSN ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។ ចំពោះរូបមន្តប្រកួតនឹងប្រើប្រាស់ head-to-head ស្របពេលក្រុមមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ Smart RSN Cup 2020 តែម្តង៕

*កម្មវិធីប្រកួតពានរង្វាន់ Smart RSN Cup 2020៖

  • ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ភ្នំពេញក្រោន ប្រកួតជាមួយ អង្គរថាយហ្គឺរ
  • ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ អង្គរថាយហ្គឺរ ប្រកួតជាមួយ Kedah FA
  • ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ Kedah FA ប្រកួតជាមួយ ភ្នំពេញក្រោន

មតិយោបល់


អត្ថបទផ្សេងៗ