ពាក្យសម្តីគ្រប់ម៉ាត់របស់លោក ស៊ុំ វណ្ណា ជុំវិញជ័យជម្នះលើក្លិប អង្គរថាយហ្គឺរ

June 23, 2019 - 3:03 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ភ្នំពេញក្រោន បានបន្តជ័យជម្នះជាលើកទី៥នៅក្នុងទឹកដីដោយយកឈ្នះអង្គរថាយហ្គឺរជាមួយនឹងលទ្ធផល១ទល់០ ក្នុងសប្តាហ៍ទី១២ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ។ មួយគ្រាប់ជ័យជម្នះនេះធ្វើបានដោយកីឡាករ ប្រាក់​ ធីវ៉ា នៅនាទី៦៨ បន្ទាប់ពីការបញ្ជូនបាល់ញាក់ដាច់ខ្សែការពារ២រូបពីស្លាបខាងឆ្វេងរបស់ ម៉ៅ ពិសិដ្ឋ ។ ជាមួយការប្រកួតជក់ចិត្ត និងតាងតឹងនេះ លោក ស៊ុំ វណ្ណា ក៏បានបង្ហាញចំណាប់អារម្មណ៍ខ្លួនទាំងមូលជុំវិញការប្រកួតនេះ ។

ចំណាប់អារម្មណ៍ជុំវិញការប្រកួតដ៏តានតឹងជាមួយ អង្គរថាយហ្គឺរ…

ដូចយើងនិយាយតាំងពីដើមយើងក៏ស្រែកឃ្លាន៣ពិន្ទុពួកគេក៏ដូចគ្នាដើម្បីរំកិលចំណាត់ថ្នាក់។ ចឹងគិតថាការប៉ះគ្នានេះជាការប្រកួតមួយដ៏ក្តៅគគុក ក្រុមទាំងពីររៀបចំបានល្អសម្រាប់៣ពិន្ទុសប្តាហ៍ដើម្បីរំកិលខ្លួនឡើងទៅលើទៀត ព្រោះនៅជុំទី២យើងអាចនឹងរៀបចំក្រុមបានល្អជាងនេះ។ គោលដៅយើងទោះមិនបានជើងឯកអ្វីក៏ដោយ​ ប៉ុន្តែយើងព្យាយាមរក្សាខ្លួនអោយបាននៅកំពូលតារាងទាំង៤ (Top4) ដើម្បីរដូវកាលក្រោយទៀតយើងនឹងរៀបចំក្រុមអោយល្អជាងនេះទៀត។

សម្រាប់ឱកាសប្រជែងជើងឯក…

យើងមិនទាន់អស់សង្ឃឹមទេ ព្រោះអីមានក្រុមធំស្ថិតនៅចំណាត់ថ្នាក់លើយើងតែងតែប៉ះគ្នា ក្រុមនៅលើតែងតែបាត់បង់៣ពិន្ទុរហូត។​ កាលណាក្រុមល្អនៅខាងលើបាត់បង់ពិន្ទុចឹងបានន័យថាយើងនៅមានឱកាស សម្រាប់ជុំទី២វិញយើងនៅសល់១៣ប្រកួតទៀត បើសិនជាយើងធ្វើបានល្អទាំងអស់យើងគិតថាអាច។

ជុំវិញគ្រាប់បាល់តែមួយគត់ក្នុងការប្រកួត…

សម្រាប់ប្រព័ន្ធយុទ្ធសាស្ត្រយើងរៀបចំគឺអត់មួយគ្រាប់ទេ យើងដឹងពួកគេលេងត្រង់ណា ចំណុចខ្សោយត្រង់ណាគឺយើងដឹងអស់ហើយ។ យើងប្រយុទ្ធចំគោលដៅ៥ដង ប៉ុន្តែទទួលបានតែ១គ្រាប់ ចឹងនៅខ្វះខាតការបញ្ចប់ទី។

ឱកាសច្រើនតែការបញ្ចប់ទៅនៅមិនបានល្អ…

ឱកាសមានច្រើន ប៉ុន្តែយើងពុំមានខ្សែប្រយុទ្ធចំពិតប្រាកដដោយយើងយក​ Paulo Victor មកលេងជំនួសដោយជំហរលេងដើមរបស់គាត់គឺស្លាប។

ការកែប្រែប្រព័ន្ធការពារ ប្រយុទ្ធ និងគ្រប់គ្រងបាល់ វគ្គទី១ និងវគ្គទី២…

ដោយសារតែគូប្រកួតគាត់រៀបចំលេងបាល់ខ្លីពីខាងក្រោម បន្ទាប់មកផ្លាស់ប្តូរបាល់វែង ចឹងយើងផ្លាស់ប្តូរប្រព័ន្ធការពារយើងអោយរឹងមាំ។​ សម្រាប់ប្រព័ន្ធប្រយុទ្ធវិញយើងនៅតែរក្សាទម្រង់ដដែ។ នៅវគ្គទី២ គាត់ប្តូរប្រព័ន្ធលេងដោយសារបាល់វែងអត់ជោគជ័យចឹងគាត់ប្តូរមកប្រើប្រាស់យុទ្ធសាស្ត្របាល់ខ្លីវិញ ប៉ុន្តែចរឹករបស់ពួកគាត់នៅតែលេងបាល់វែងដដែរ។

មតិយោបល់


អត្ថបទផ្សេងៗ