បទសម្ភាសន៍ជាលើកទីមួយរបស់ Esoh Omogba ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន

December 8, 2019 - 9:41 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែបម្រើប្រយុទ្ធថ្មីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន Esoh Omogba បានបង្ហាញចំណាប់អារម្មណ៍នឹងការប្តេជ្ញាចិត្តខ្ពស់ ជាមួយក្លឹបក្រោយរូបគេបានចូលរួមជាមួយក្លឹបកាលពីដើមសប្តាហ៍កន្លងមកនេះ ។

ការក្រោមនេះគឺជាបទសម្ភាសន៍ជាមួយកីឡាករ Esoh Omogba ក្នុងនាមជាកីឡាករចំនូលថ្មីរបស់ភ្នំពេញក្រោន៖

សំនួរ៖ តើមានអារម្មណ៍យ៉ាងណាសម្រាប់ការចូលរួមជាមួយក្លឹបភ្នំពេញក្រោននារដូវកាលថ្មីនេះ?

Esoh Omogba៖ ជាដំបូងខ្ញុំសូមអរគុណដល់ព្រះជាម្ចាស់ គ្រួសាររបស់ខ្ញុំ អ្នកគាំទ្រ និងក្លឹបចាស់របស់ខ្ញុំផងដែរ ក្នុងឱកាសនេះខ្ញុំពិតជាសប្បាយចិត្តណាស់ដែលក្លឹបបាល់ទាត់ភ្នំពេញក្រោនផ្តល់សេចក្តីទុកចិត្តដល់ខ្ញុំ និងជឿលើសមត្ថភាពរបស់ខ្ញុំ ។ បន្ទាប់ពីខ្ញុំបាននិយាយជាមួយថ្នាក់ដឹកនាំក្លឹប និងកីឡាករមួយចំនួនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនរួចមក ខ្ញុំសប្បាយចិត្តណាស់ដែលបានដឹងពីចំនុចវិជ្ជមានរបស់ក្លឹប និងដំណើរទៅមុខរបស់ក្រុមសឹង្ហក្រហមមួយនេះ ។

សំនួរ៖ តើលោកនឹងធ្វើអ្វីខ្លាំងដើម្បីពង្រឹងគុណភាពរបស់ក្លឹបនៅរដូវកាលថ្មីនេះ?

Esoh Omogba៖ អ្វីដែលខ្ញុំអាចធ្វើបាននៅពេលនេះគឺព្យាយាមធ្វើការឲ្យបានច្រើន និងពង្រឹងបន្ថែមទៀតនៅចំនុចខ្វះខាតរបស់ក្លឹប ហើយក៏ត្រូវតែធ្វើការប្រកួតប្រជែងបន្ថែមទៀតផងដែរ ព្រោះយើងដឹងថាការប្រកួតឆ្នាំក្រោយវាមិនងាយស្រួលសម្រាប់យើងនោះទេ ។ សម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំបានត្រៀមខ្លួនរួចរាល់ ហើយក៏ទទួលយកនូវអ្វីដេលថ្មីពីថ្នាក់ដឹកនាំក្លឹប គ្រូបង្វឹក មិត្តរួមក្រុម និងអ្នកគាំទ្រផងដែរ ។

សំនួរ៖ តើយល់យ៉ាងណាចំពោះមិត្តរួមក្រុម ដែលអ្នកត្រៀមនឹងធ្វើការជាមួយនៅរដូវកាលក្រោយនេះ?

Esoh Omogba៖ យើងទាំងអស់គ្នាមានកម្លាំងចិត្តក្នុងការប្រកួតដើម្បីទទួលយកជ័យជម្នះ ប៉ុន្តែយើងត្រូវតែធ្វើការហ្វឹកហាត់ឲ្យបានខ្លាំង និងស្តាប់នូវការណែនាំរបស់គ្រូបង្វឹក ក៏ដូចជាជឿជាក់ និងមានគំនិតវិជ្ជមានជានិច្ច ។

សំនួរ៖ តើមានអ្វីចង់និយាយទៅកាន់អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន?

Esoh Omogba៖ ចាប់ពីថ្ងៃដែលខ្ញុំបង្ហាញខ្លួនជាមួយក្លឹបមក អ្នកគាំទ្រតែងតែផ្ញើរសារមកខ្ញុំដើម្បីស្វាគមន៍ដល់ខ្ញុំ ដូច្នេះខ្ញុំពិតជាមានការកក់ក្តៅខ្លាំង ។ ក្នុងនាមជាកីឡាករនៅពេលដែលឃើញអ្នកគាំទ្រច្រើនបែបនេះ ខ្ញុំនឹងប្រឹងប្រែងធ្វើការឲ្យបានខ្លាំងដើម្បីជួយក្លឹបឲ្យទទួលបានជោគជ័យត្រលប់មកវិញ ។ ខ្ញុំចង់ឲ្យរដូវកាលថ្មីមកដល់ឆាប់ៗព្រោះវាជាឱកាសដ៏ធំមួយសម្រាប់ខ្ញុំក្នុងការបង្ហាញខ្លួន និងធ្វើឲ្យអ្នកគាំទ្រទាំងអស់មានការភ្ញាក់ផ្អើល ។ ខ្ញុំជឿថាអ្នកគាំទ្រទាំងអស់នឹងសប្បាយចិត្តជាមួយនឹងរដូវកាលថ្មីរបស់យើង ខ្ញុំសន្យាថាខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យអ្នកគាំទ្ររីករាយ ។

គួររំលឹកផងដែរថាកីឡាករ Esoh Omogba បានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនកាលពីថ្ងៃទី២ ខែធ្នូកន្លងមកនេះ យើងសង្ឃឹមថាវត្តមានរបស់កីឡាករដែលមានបទពិសោធន៍ច្រើននៅលីគកំពូលកម្ពុជារូបនេះអាចជាចំនែកមួយជួយក្រុមដើម្បីទទួលបានជោគជ័យនៅរដូវកាលក្រោយ ៕

មតិយោបល់


អត្ថបទផ្សេងៗ