ជា ចាន់ដារ៉ា និយាយអំពីការត្រៀមខ្លួនរបស់គេសម្រាប់រដូវកាលថ្មីនេះ

February 11, 2020 - 2:17 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

បើប្រៀបធៀបជាមួយនឹងឆ្នាំមុន កីឡាករ ជា ចាន់ដារ៉ា នៅឆ្នាំនេះគឺមានការរៀបចំខ្លួនបានល្អជាងឆ្នាំមុន ដោយសារតែរូបគេមានឱកាសច្រើនក្នុងការបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពនានាក្នុងពេលកន្លងមក ហើយរូបគេបានជាពីបញ្ហារបួស១០០ភាគរយហើយផងដែរ ។ ជុំវិញនឹងការត្រៀមខ្លួនសម្រាប់ការប្រកួតលីគកំពូលកម្ពុជានៅរដូវកាលថ្មីនេះ រូបគេបានបង្ហាញអារម្មណ៍រំភើបសារជាថ្មី ព្រោះគេបានត្រៀមរួចជាស្រេចសម្រាប់ការប្រកួតប្រជែងនេះ ។

Image may contain: 1 person, playing a sport, standing and outdoor

ថ្លែងក្នុងបទសម្ភាសន៍ជាមួយក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោន ដារ៉ាបាននិយាយថា៖ « ឆ្នាំមុនខ្ញុំមិនបានលេងសូម្បីតែមួយប្រកួតដោយសារតែបញ្ហារបួស តែពេលនេះខ្ញុំបានជាសះស្បើយហើយ ខ្ញុំបានត្រលប់មកហ្វឹកហាត់ជាមួយក្រុមបានច្រើន គ្រូគាត់ផ្តល់ឱកាសដល់ខ្ញុំ ដូច្នេះខ្ញុំត្រូវតែដាក់ចិត្តដាក់កាយលេងឲ្យបាន១០០ភាគរយ ។ បើទោះបីជាខ្ញុំបានផ្លាស់ប្តូរតួនាទីថ្មីជាខ្សែប្រយុទ្ធពិតមែន ប៉ុន្តែខ្ញុំមិនមានកង្វល់អ្វីនោះទេ ព្រោះលោកគ្រូគាត់បានពន្យល់ខ្ញុំច្រើនពីតួនាទីថ្មីនេះ ហើយអ្វីដែលចាំបាច់នោះគឺខ្ញុំត្រូវមានការប្រយ័ត្នខ្ពស់ជាងមុន » ។

Image may contain: 2 people, outdoor

កីឡាកររូបនេះបានបន្ថែមទៀតថា៖ « បើទោះបីជាខ្ញុំទើបតែជាពីរបួសក៏ពិតមែន ប៉ុន្តែចំពោះការប៉ះទង្គិចផ្សេងៗលើទីលានគឺខ្ញុំមិនមានការព្រួយបារម្ភអ្វីនោះទេ ព្រោះបាល់ទាត់តែងតែមានការប៉ះគ្នា គ្រាន់តែថាវាអាចប៉ះច្រើនជាងមុនព្រោះខ្ញុំពេលនេះលេងនៅតំបន់ប្រយុទ្ធ » ។

ទន្ទឹមនឹងលីគកំពូលកម្ពុជាចាប់ផ្តើមនាថ្ងៃសៅរ៍នេះ ដារ៉ាបានសំណូមពរដល់អ្នកគាំទ្រយ៉ាងដូច្នេះថា៖​ « ខ្ញុំសូមអរគុណបងប្អូនដែលតែងតែគាំទ្រក្លឹបភ្នំពេញក្រោន ខ្ញុំសង្ឃឹមថានៅឆ្នាំនេះពួកគាត់នៅតែគាំទ្រពួកយើង ហើយខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចូលរួមគាំទ្រលីគយើងឲ្យបានច្រើនលើសពីឆ្នាំមុនៗទៀត » ៕

មតិយោបល់