មូលហេតុនៃការផ្លាស់ប្តូរម៉ោងការប្រកួតក្នុងជំនួបជាមួយព្រះខ័នរាជស្វាយរៀង

March 4, 2020 - 4:14 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ជំនួបដ៏កក្រើករវាង​ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងសប្តាហ៍ទី៤ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល២០២០ នឹងត្រូវផ្លាស់ប្តូរទៅប្រកួតនៅវេលាម៉ោង ៣.៣០នាទីល្ងាចវិញ។ ការប្រកួតដែលនឹងធ្វើឡើងនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះដើមឡើយគ្រោងចាប់ផ្តើមនាវេលាម៉ោង ៦ល្ងាច ប៉ុន្តែក្រោយមកត្រូវបានផ្លាស់ប្តូរដោយសារមានបញ្ហាប្រព័ន្ធភ្លើង និងអំពូលបំភ្លឺទីលាននៅកីឡដ្ឋាន  Smart RSN ពោលគឺបញ្ហានេះកើតមានតាំងពីសប្តាហ៍មុនក្នុងអំឡុងការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមអាសុីអឺរ៉ុបមកម្ល៉េះហើយទាមទារឱ្យមានការជួសជុលដែលត្រូវការរយៈពេលបន្តទៀតមុននឹងអាចរៀបចំការប្រកួតនាពេលយប់ឡើងវិញ។

សូមបញ្ជាក់ដែរថា មូលហេតុនៃការយឺតយ៉ាវផ្តល់ព័ត៌មាននៃការប្រកួតនេះគឺដោយសារតែក្លឹបបាល់ទាត់ភ្នំពេញក្រោនរង់ចាំលិខិតបញ្ជាក់ ឬសម្រេចច្បាស់លាស់ជាផ្លូវការមួយពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ជាមុនសិនមុននឹងប្រកាសជូនអ្នកគាំទ្រក៏ដូចជាសាធារណជណឱ្យបានជ្រាប ដូច្នេះយើងខ្ញុំ សូមអធ្យាស្រ័យចំពោះអ្នកគាំទ្រវិស័យបាល់ទាត់នៅប្រទេសកម្ពុជាផងដែរចំពោះបញ្ហានេះ ។

សម្រាប់សំបុត្រនៃការប្រកួតវិញ យើងខ្ញុំបានចាប់ផ្តើមដាក់លក់ពីថ្ងៃនេះតតៅហើយជាមួយតម្លៃ ៥០០០រៀល និង៨០០០រៀល ព្រមទាំងមានកម្មវិធីពិសេសគឺសម្រាប់នារីៗអាចទិញសំបុត្រ ១ថែម១ ខណៈក៏មានថែមជូនម៉ាសសម្រាប់អ្នកគាំទ្រចំនួន ៥០០នាក់ដំបូងថែមទៀត។ ជួបគ្នានៅកីឡដ្ឋាន Smart RSN នាថ្ងៃអាទិត្យនេះ!

មតិយោបល់


អត្ថបទផ្សេងៗ