អត្ថន័យនៃការរចនារូបភាពថ្មីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនសម្រាប់រដូវកាល២០២០នេះ

February 4, 2020 - 1:00 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ស្របពេលដែលលីគកំពូលកម្ពុជារដូវកាល២០២០ កាន់តែខិតជិតមកដល់នោះ ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានកិត្តិយសសូមជម្រាបជូនអ្នកគាំទ្រ និងសាធារណជនឲ្យបានជ្រាបថា ក្លឹបនឹងប្រើប្រាស់ការរចនាលើរូបភាព (Graphic) ផ្សេងៗសម្រាប់រដូវកាលនេះដោយយកតាមលំនាំនៃអាវរដូវកាលឆ្នាំ២០០៨ ដែលជាឆ្នាំដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបដែលបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញឱ្យថ្នាក់ដឹកនាំបន្តឥតឈប់ឈរក្នុងការកសាងមូលដ្ឋាននានារបស់ក្លឹបរួមមាន កីឡដ្ឋាន ថ្នាលយុវជន និងក្រុមនារី ជាដើមជាមួយនឹងគោលបំណងប្រែក្លាយខ្លួនជាក្លឹបបាល់ទាត់អាជីពរហូតមកទល់ពេលនេះ។


គួររំលឹកថាកាលពីឆ្នាំ២០០៨ ក្លឹបបាល់ទាត់ Phnom Penh Empire បានក្លាយជាក្លឹបដ៏ខ្លាំងមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់នៅប្រទេសកម្ពុជា ពោលគឺជាក្លឹបទីមួយដែលបានឈ្នះទាំងពានរង្វាន់លីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចហ៊ុន សែន ក្នុងឆ្នាំតែមួយ ខណៈដែលនៅចុងឆ្នាំដដែលនោះ Phnom Penh Empire ក៏បានកែប្រែឈ្មោះជាលើកចុងក្រោយរបស់ខ្លួនទៅជា ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលបានបន្តប្រើប្រាស់ជាផ្លូវការមកដល់បច្ចុប្បន្នតែម្តង។

ជាការកត់សម្គាល់មកទល់នឹងសព្វថ្ងៃនេះនៅមិនទាន់មានក្លឹបណាមួយដែលអាចបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្តរបស់ក្លឹបបាននៅឡើយ ដូច្នេះទើបថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចប្រើប្រាស់ការរចនាថ្មីមួយនេះដើម្បីរំលឹកដល់ប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ក្លឹប និងជាពិសេសគឺដើម្បីជាការគោរពចំពោះភក្តីភាពនៃទឹកចិត្តស្រលាញ់ព្រមទាំងសមានចិត្តដ៏ជ្រាលជ្រៅរបស់អ្នកគាំទ្រគ្រប់ៗរូបក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមកនេះ។ យើងនឹងបន្តរួមដំណើរជាមួយគ្នាជាវិជ្ជមានដើម្បីពង្រឹងភ្នំពេញក្រោនឆ្ពោះទៅកាន់ភាពជោគជ័យ ដូចអ្វីដែលយើងធ្លាប់ធ្វើរហូតបានគ្រងជើងឯក ៦សម័យកាលនៃលីគកំពូលកម្ពុជានិងជាពិសេសដើម្បីជាផ្នែកមួយនៃវិស័យបាល់ទាត់កម្ពុជាផងដែរ។

មតិយោបល់


អត្ថបទផ្សេងៗ