ចំណាប់អារម្មណ៍របស់ ជួន ចាន់ចាវ ក្រោយការប្រកួតយប់មិញ

April 22, 2019 - 5:03 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ ជួន ចាន់ចាវ ដែលត្រូវបានលោកគ្រូ Leonardo Vitorino ផ្លាស់ប្តូរឲ្យលេងក្នុងតំណែងពីខ្សែបម្រើកណ្តាលទៅលេងនៅតំបន់ការពារខាងក្រោមនោះបានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំងក្រោយពីក្រុមរបស់ខ្លួនបាត់បង់៣ពិន្ទុសារជាថ្មីម្តងទៀត ចំពោះការប្រកួតនៅលីគកំពូលកម្ពុជាសប្តាហ៍ទីបួននេះ ។ ចាន់ចាវបាននិយាយថា៖ « ការផ្លាស់ប្តូរខ្ញុំមកលេងជាខ្សែការពារនេះគឺជាការសម្រេចចិត្តរបស់គ្រួ ហើយវាក៏មិនសូវខុសអ្វីពីតំបន់ដែលខ្ញុំលេងរាល់ថ្ងៃនេះដែរ ព្រោះខ្ញុំលេងនៅតំបន់បម្រើការពារ » ។

ចំពោះការលេងរបស់ក្រុមក្នុងការប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀងកាលពីម្សិលមិញកីឡាកររូបនេះបានបន្ថែមថា៖ « ក្រុមរបស់យើងពិតជាធ្វើមិនបានល្អនោះទេ ក្រុមរបស់គេហាក់ដូចជាមានបទពិសោធន៍ខ្លាំងនៅលើទីលានជាងក្រុមរបស់យើង ខ្ញុំទទួលស្គាល់ថាពួកយើងខ្វះទំនួលខុសត្រូវលើទីលាន ដែលបង្ករឲ្យមានកំហុសនិងជាឱកាសរបស់ពួកគេក្នុងការដណ្តើមយកជ័យជម្នះ ។ ប៉ុន្តែឆ្លងកាត់បរាជ័យប៉ុន្មានប្រកួតដំបូងនេះខ្ញុំចង់ឲ្យក្រុមរបស់យើង ពិសេសមិត្តរួមក្រុមព្យាយាមស្វែងយល់ពីគ្នាបន្ថែមទៀតទាំងការទំនាក់ទំនង និងទំនុកចិត្តក្នុងការលេងជាពិសេសនៅតំបន់ការពារ » ។

ជាចុងក្រោយចាន់ចាវបានសំណូមពរដល់អ្នកគាំទ្រភ្នំពេញក្រោនយ៉ាងដូច្នេះថា៖ « ខ្ញុំយល់អារម្មណ៍របស់អ្នកគាំទ្រភ្នំពេញក្រោនច្បាស់ណាស់៤ប្រកួតកន្លងមកនេះយើងធ្វើមិនបានល្អនោះទេ អ្នកទាំងអស់គ្នាឈឺចាប់ខ្ញុំក៏ឈឺចាប់ដូចគ្នា ប៉ុន្តែខ្ញុំនិងកីឡាករទាំងអស់ប្តេជ្ញាថានឹងប្រឹងប្រែងធ្វេរដងក្នុងការហ្វឹកហាត់ដើម្បីកែប្រែចំនុចមិនល្អទាំងឡាយ ។ អ្វីដែលខ្ញុំចង់និយាយទៅកាន់អ្នកទាំងអស់គ្នានោះសូមអ្នកទាំងអស់គ្នានៅតែបន្តគាំទ្រពួកយើងជាបន្តទៀត មានអ្នកទាំងអស់គ្នាទើបមានភ្នំពេញក្រោននៅថ្ងៃនេះ » ។ សូមបញ្ជាក់ថាឆ្លងកាត់ការប្រកួតចំនួន៤លើកនៃលីគកំពូលកម្ពុជាឆ្នាំ២០១៩នេះ ក្រុមភ្នំពេញក្រោនបានប្រកួតចាញ់ចំនួន៣លើក និងឈ្នះ១លើក ដោយមាន៣ពិន្ទុក ឈរនៅលេខរៀងទី១០នៃតារាងលីគកំពូលកម្ពុជា ៕

មតិយោបល់


អត្ថបទផ្សេងៗ