អតីតខ្សែបម្រើភ្នំពេញក្រោនទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនេះ
September 21, 2019 - 11:10 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខប្រកបដោយក្តីក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់លោក ជឹម រតនៈ ដែលជាអតីតកីឡាកររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្រោយរូបគេបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ។ សូមបញ្ជាក់ថា ជឹម រតនៈជាកីឡាករមួយរូបដែលធ្លាប់ជួយក្លឹបបាល់ទាត់ភ្នំពេញក្រោនលើកពានរង្វាន់លីគកំពូលកម្ពុជាកាលពីរដូវកាល២០១០ និង២០១១ ហើយរូបគេក៏បានចូលរួមលេងជាក្នុងពានរង្វាន់ AFC President’s Cup កាលពីឆ្នាំ២០១១ ជាមួយក្លឹប ដោយបញ្ចប់ទៅជាមួយចំណាត់ថ្នាក់លេខ២ផងដែរ ។
យើងខ្ញុំទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំ បុគ្គលិក និងកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមចូលរួមរំលែកទុក្ខប្រកបដោយក្តីក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់អតីតខ្សែបម្រើរូបនេះ ។ សូមវិញ្ញាណក្ខ័ន្ធរបស់រតនៈបានបដិសន្ធិក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ!