ឈ៉ំ សុខហៃ កំណត់គោលដៅថានឹងលេងក្នុងពានរង្វាន់សម្តេចហ៊ុន សែន បន្ទាប់ពីត្រូវបានដំឡើងមកកាន់ក្រុមធំ

May 16, 2020 - 9:19 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ ឈុំ សុខហៃ រំភើបចិត្តក្នុងការទទួលបានការដំឡើងដើម្បីចូលរួមក្រុមធំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បន្ទាប់ពីចំណាយពេល ៣ ឆ្នាំជាមួយក្រុមយុវជនថ្នាល។ រូបគេក៏បានពន្យល់ពីបញ្ហាប្រឈមដែលនឹងជួបក្នុងនាមជាកីឡាករក្មេងជាងគេនៅក្នុងក្រុមធំ។

ខ្សែបម្រើវ័យ ១៨ ឆ្នាំនេះកំណត់គោលដៅពេលវេលាប្រកួតក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រោះយល់ថាវាពិបាកសម្រាប់ខ្លួនក្នុងការប្រជែងយកកៅអីជាមួយប្រធានក្រុម Red Singha កីឡាករ អ៊ន ចាន់ប៉ូលីន និងខ្សែបម្រើជប៉ុន Masaaki Ideguchi ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ។

ឈុំ សុខហៃ បានប្រាប់គេហទំព័រ ppcfc.com ថា៖«ខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមជាមួយក្រុមធំ ព្រោះវានឹងមានការប្រកួតប្រជែងខ្លាំងណាស់ហើយវាទាមទារការហ្វឹកហាត់ខ្លាំង និងការខិតខំ។ វានឹងក្លាយជារដូវកាលដំបូងរបស់ខ្ញុំជាមួយក្រុមធំ ដូច្នេះខ្ញុំមានអារម្មណ៍ថាមានសម្ពាធបន្តិច។ ខ្ញុំនឹងព្យាយាមកែខ្លួនខ្ញុំ ហើយខ្ញុំក៏រីករាយផងដែរជាមួយនឹងបញ្ហាប្រឈមទាំងនេះ»។

Image may contain: 2 people, people playing sports and outdoor

«ខ្ញុំមិនអាចលេងនៅជុំទី ១ នៃរដូវកាលនេះទេ ដូច្នេះខ្ញុំនឹងតស៊ូដើម្បីទទួលបានពេលវេលាខ្លះនៅជុំទី ២។ ក្រុមរបស់យើងមានគ្រូបង្វឹកដ៏អស្ចារ្យម្នាក់គឺ គ្រូបង្វឹកលោក ស៊ុំ វណ្ណា ដែលគាត់តែងតែជួយ និងត្រៀមគាំទ្រ ក៏ដូចជាណែនាំដល់កីឡាករវ័យក្មេង»។

«វាពិតជាលំបាកណាស់សម្រាប់ខ្ញុំក្នុងការប្រជែងយកតំណែងក្នុងក្រុមព្រោះថាយើងមានកីឡាករល្អៗជាច្រើនដែលមានជំហរដូចខ្ញុំ។ យើងមានកីឡាករអន្ដរជាតិកម្ពុជា អ៊ន ចាន់ប៉ូលីន និងកីឡាករបរទេស Masaaki Ideguchi ប៉ុន្តែខ្ញុំគិតថាគ្រូបង្វឹកអាចឲ្យខ្ញុំលេងជាមួយក្រុមមធ្យមដូចជាយុវជនសាលាបាល់ទាត់ជាតិបាទី ក្នុងប៉ុន្មាននាទីចុងក្រោយនៃការប្រកួត»។

«ខ្ញុំគិតថាខ្ញុំអាចទទួលបានពេលវេលាលេងច្រើនក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាជាងនៅពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ។ ខ្ញុំនឹងប្រឹងប្រែងលេងឲ្យអស់រហូតដល់វិនាទីចុងក្រោយនៃការប្រកួតដែលខ្ញុំបានចូលលេងនោះ។ ខ្ញុំត្រូវការពេលវេលាប្រហែលពីររដូវកាលទៀតដើម្បីត្រៀមខ្លួនរួចរាល់ជាមួយក្រុមធំ»៕

Image may contain: 1 person, outdoor

មតិយោបល់


អត្ថបទផ្សេងៗ