Dzarma Bata: « បើទោះបីជាគម្លាតដល់ទៅ៥គ្រាប់ ប៉ុន្តែខ្ញុំមិនបោះបង់ចោលនោះទេ ព្រោះអ្វីៗមិនទាន់ដល់ទីបញ្ចប់ទោះទេ »

November 1, 2019 - 2:46 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

Dzarma Bata ជាកីឡាករមួយរូបកំពុងប្រជែងយកស្បែកជើងមាសនៅរដូវកាលឆ្នាំ២០១៩នេះ ដោយរូបគេបានរកគ្រាប់បាល់បានចំនួន៣១គ្រាប់ ។ សម្រាប់ឱកាសក្នុងការប្រជែងយកស្បែកជើងមាសរបស់គេនៅតែមាន បើទោះបីជាគម្លាតគ្រាប់បាល់មានដល់ទៅ៥គ្រាប់ទៀតក៏ដោយ ក្នុងបទសម្ភាសន៍សម្រាប់ការប្រកួតចុងក្រោយជាមួយក្រុមកំពង់ចាម Bata បាននិយាយថា៖ « វាជាការប្រកួតមួយដែលខ្ញុំត្រូវបញ្ចេញសមត្ថភាពឲ្យអស់ ព្រោះខ្ញុំត្រូវតែប្រជែងដើម្បីក្លាយទៅជាកីឡាករដែលទាត់បញ្ចូលទីច្រើនជាងគេសម្រាប់រដូវកាលនេះ ។ ខ្ញុំមានជំនឿចិត្តក្នុងការរកគ្រាប់បាល់ដោយលេងឲ្យអស់ និងព្យាយាមរកគ្រាប់តាមដែលអាចធ្វើបាន » ។

កីឡាកររូបនេះបានបន្ថែមទៀតថា៖ « ការប្រកួតនាថ្ងៃស្អែកនេះយើងគ្រប់គ្នាសុទ្ធតែដឹងថាយើងមានលទ្ធភាពច្រើនក្នុងការយកពិន្ទុ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ខ្ញុំនោះគឹរកគ្រាប់បាល់ ។ បើទោះបីជាគម្លាតដល់ទៅ៥គ្រាប់ ប៉ុន្តែខ្ញុំមិនបោះបង់ចោលនោះទេ ព្រោះអ្វីៗមិនទាន់ដល់ទីបញ្ចប់ទោះទេ ខ្ញុំរងចាំរហូតដល់អាជ្ញាកណ្តាលផ្លុំកញ្ជែបញ្ចប់ការប្រកួត » ។

ជាចុងក្រោយ Dzarma Bata ក៏សូមអរគុណដល់មិត្តរួមក្រុមយ៉ាងដូច្នេះថា៖ « អ្វីដែលយើងត្រូវធ្វើបន្ថែមទៀតគឺការធ្វើការងារជាក្រុម ព្រោះខ្ញុំជឿថាមិត្តរួមក្រុមរបស់យើងនិងសហការគ្នាបានល្អ ហើយពួកគេក៏ជាអ្នកដែលជួយខ្ញុំផងដែរ ព្រោះខ្ញុំមិនអាចធ្វើបានតែឯងនោះទេ » ។

សូមបញ្ជាក់ថាការប្រកួតរបស់ភ្នំពេញក្រោន និងក្រុមខេត្តកំពង់ចាម គឺជាការប្រកួតចុងក្រោយសម្រាប់រដូវកាលឆ្នាំ២០១៩នេះ ហើយការប្រកួតនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Smart RSN នាវេលាម៉ោង១៥:៣០ ៕

មតិយោបល់