ចំណាប់អារម្មណ៍របស់ Anatolii ក្រោយពីចូលរួមជាមួយភ្នំពេញក្រោនសារជាថ្មី

January 19, 2021 - 8:43 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីម្សិលមិញនេះក្លឹបសិង្ហក្រហមភ្នំពេញក្រោនទើបតែប្រកាសជំនួយការគ្រូបង្វឹកថ្មីគឺលោក Bondarenko Anatolii ដែលលោកក៏ធ្លាប់ចូលរួមក្នុងតំណែងនេះជាមួយក្លឹបម្តងរួចទៅហើយនៅឆ្នាំ២០១៦ ។ ក្រោយពីបានត្រលប់មកចូលរួមវិញជាមួយក្លឹប Anatolii បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនមួយចំនួនដូចខាងក្រោមនេះថា៖ « ខ្ញុំរីករាយណាស់ដែលបានត្រលប់មកទីនេះវិញ ខ្ញុំមានអារម្មណ៍ថាដូចត្រលប់មកផ្ទះរបស់ខ្ញុំអញ្ចឹង! ខ្ញុំមើលឃើញថាក្រុមរបស់យើងមានការផ្លាស់ប្តូរបន្តិចបន្តួចដែរ ហើយក៏មានកីឡាករមួយចំនួនដែលខ្ញុំធ្លាប់ធ្វើការជាមួយផងដែរ ពួកគេធំធាត់ច្រើន មានភាពរឹងមាំ និងចាស់ទុំផងដែរ ។ ក្នុងនាមជាកីឡាករអាជីព ខ្ញុំរំពឹងថាពួកគេនឹងកាន់តែអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត » ។

ជំនួយការគ្រូបង្វឹកដែលមានវ័យ៤៥ឆ្នាំរូបនេះបានបញ្ជាក់បន្ថែមទៀតថា៖​ « ជាការពិតណាស់ ខ្ញុំរំពឹងទុកវិជ្ជមានសម្រាប់ពួកគេដើម្បីទទួលបានលទ្ធផលល្អរាល់ពានរង្វាន់ដែលយើងចូលរួមទាំងអស់នៅឆ្នាំនេះ ។ យើងក៏រំពឹងទុកបន្ថែមទៀតលើការអភិវឌ្ឍន៍ខ្លួនរបស់ពួកគេ ជុំវិញនឹងគុណភាពក្នុងនាមជាកីឡាករអាជីព ខ្ញុំដឹងច្បាស់ថាវាជារឿងដែលលំបាកសម្រាប់ពួកយើង ប៉ុន្តែយើងជឿជាក់លើកីឡាករទាំងអស់ និងផ្តោតលើគោលដៅតែមួយទាំងអស់គ្នាឲ្យបានខ្លាំងក្លា » ។

គួរបញ្ជាក់ផងដែរថានេះជាលើកទីពីរហើយដែរ Bondarenko Anatolii ចាប់ដៃគូរគ្នាជាមួយគ្រូបង្វឹកក្រុមធំយើងគឺលោក Oleg Starynskyi ក្នុងការដឹកនាំក្រុមធំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ៕

មតិយោបល់


អត្ថបទផ្សេងៗ