ក្រុមកីឡាករឈុតធំភ្នំពេញក្រោនទាំងអស់នឹងត្រូវធ្វើតេស្តលើកាយសម្បទា និងចលនារាងកាយនៅថ្ងៃស្អែកនេះ

December 9, 2018 - 11:28 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃច័ន្ទស្អែកនេះក្រុមគ្រូបង្វឹកផ្នែកកាយសម្បទា និងគ្រូពេទ្យខាងផ្នែកចលនាដែលទើបតែចូលរួមជាមួយក្លឹបកាលពីសប្តាហ៍មុននោះនឹងធ្វើតេស្តលើកីឡាករទាំងអស់នៃក្រុមឈុតធំដើម្បីធានាថាពួកគេមានកម្លាំងគ្រប់គ្រាន់ក៏ដូចជាឲ្យប្រាកដថាពួកគេមិនមានបញ្ហាអ្វីទាក់ទងទៅនឹងកាយសម្បទានិងបញ្ហារបួសអ្វីនោះឡើយ ។

 

បើតាមគ្រូបង្វឹកក្រុមឈុតធំលោក Leonardo Vitorino បានបញ្ជាក់ប្រាប់ថា៖ « ក្រុមការងាររបស់យើងនឹងធ្វើតេស្តលើកីឡាករទាំងអស់ ហើយពួកយើងធ្វើតេស្តទៅលើកជើង ជង្គង់ ត្រគាក និងចលនាលោតរត់របស់កីឡាករម្នាក់ៗ »

លោកក៏បានបញ្ជាក់ទៀតថា « យើងធ្វើដូច្នេះគឺដើម្បីឲ្យប្រាកដថាកីឡាកររបស់យើងទាំងអស់មានកាយសម្បទាមាំមួន កែប្រែទម្លាប់មិនល្អមួយចំនួននៅពេលដែលពួកគេមានបញ្ហា ដើម្បីឲ្យពួកគេមិនមានបញ្ហាទាំងនៅពេលហ្វឹកហាត់ និងនៅពេលប្រកួត ។ មួយវិញទៀតនៅថ្ងៃដដែលនេះគ្រូកាយសម្បទារបស់យើងនឹងពិនិត្យមើលលើភាពធាត់របស់កីឡាករម្នាក់ៗ ដើម្បីឲ្យពួកគេទទួលបានការហ្វឹកហាត់មួយដែលសមស្របទៅតាមកម្រិតនៃខ្លួនប្រាណរបស់ពួកគេ »

សូមបញ្ជាក់ថានេះជាលើកទីមួយហើយដែលកីឡាករទាំងអស់របស់ក្រុមឈុតធំនឹងត្រូវធ្វើតេស្តវាស់មើលកម្រិតនៃកាយសម្បទា និងទទួលយកអ្វីដែលពួកគេត្រូវធ្វើការកែប្រែ ដើម្បីឲ្យពួកគេមិនងាយនឹងមានបញ្ហារបួសក្នុងការហ្វឹកហាត់ និងពេលប្រកួតដែលនឹងត្រូវមានការប្រកួតប្រជែងខ្ពស់នាពេលខាងមុខ ៕ 

មតិយោបល់


អត្ថបទផ្សេងៗ