សង្ខេបព្រឹត្តិការណ៍ការប្រកួតគ្រប់ឈុតរបស់ ភ្នំពេញក្រោន នាថ្ងៃអាទិត្យនេះ

July 25, 2020 - 11:07 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ថ្ងៃ អាទិត្យ ទី២៦នេះ គឺជាសប្តាហ៍ដ៏សំខាន់សម្រាប់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលគ្រប់ឈុតមានក្រុមធំ ក្រុមថា្នលយុវជនអាយុក្រោម១៦ឆ្នាំ និង១៨ឆ្នាំ នឹងត្រូវធ្វើការប្រកួតនាថ្ងៃតែមួយ។

សម្រាប់ក្រុមធំ ភ្នំពេញក្រោន នឹងត្រូវធ្វើការប្រកួតក្រៅដីជាមួយ បឹងកេត នៅលើកីឡដ្ឋាន Cambodia Airways វេលាម៉ោង ៣និង៣០នាទី ជាជំនួបដ៏ធំប្រចាំឆ្នាំក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល២០២០ ដែលគ្រប់គ្នាស្គាល់ថា The Cambodia Classic Match។

ក្នុងនោះដែរសម្រាប់ក្រុមថ្នាលយុវជន អាយុក្រោម១៨ឆ្នាំ នឹងជួប អាយ អេស អាយ ដង្កោសែនជ័យ ជាប្រកួតសំខាន់ចុងក្រោយនៅក្នុងពូល A នៃជុំទី២។ U18 ភ្នំពេញក្រោន ទាមទារពិន្ទុជាដាច់ខាតដើម្បីមានឱកាសឡើងទៅជុំបន្ទាប់ដើម្បីបន្តប្រជែងជើងឯកពានរង្វាន់ពានរង្វាន់ U18 Youth League ក្រោយបច្ចុប្បន្នស្ថិតនៅលេខ ២ មាន៣ពិន្ទុ ឆ្លងកាត់ការប្រកួតចំនួន ២លើកកន្លងមក។

សម្រាប់ការប្រកួតវេលាម៉ោង ៨ព្រឹកនៅលើកីឡដ្ឋាន KMH Park ស្អែកនេះ U18 ភ្នំពេញក្រោន ត្រូវការ ៣ពិន្ទុដើម្បីធានាកៅអី ១០០ភាគរយឡើងទៅជុំបន្ទាប់ ខណៈបើសិនត្រឹមស្មើ អាយ អេស អាយ ដង្កោសែនជ័យ ចាំបាច់ត្រូវរង់ចាំលទ្ធផលដោយ U18 បឹងកេត ដាច់ខាតស្មើ រឺឈ្នះ U18 វិសាខា ទើបយើងមានឱកាសឡើងទៅជុំទី៣។

ចំណែក U16 ភ្នំពេញក្រោន នឹងត្រូវបើកឆាកការប្រកួតដំបូងក្រោយឆ្លងផុតមកដល់ជុំទី៣ នៃពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ។ ការប្រកួតនាថ្ងៃអាទិត្យនេះ នឹងជួប U18 នគររាជ អេហ្វសុី ដែលជាក្រុមលេខ ១ក្នុងពូល D ឡើងមកពីជុំទី២។

គួរបញ្ជាក់ថា ការប្រកួតនឹងធ្វើឡើងនៅលើមជ្ឈមណ្ឌលកីឡា និងសាលាបាល់ទាត់ជាតិបាទី នាវេលាម៉ោង ៨ព្រឹក៕

មតិយោបល់


អត្ថបទផ្សេងៗ