លឹម ពិសុទ្ធ រកបាន ៦គ្រាប់ឱ្យក្រុម U17 ភ្នំពេញក្រោន នាជំនួបមិត្តភាព ២លើកក្នុងសប្តាហ៍នេះ

August 5, 2018 - 1:57 PM | អត្ថបទដោយ៖ មករា

កីឡាករ លឹម ពិសុទ្ធ ដែលជាសមាជិកមួយរូបរបស់ក្រុមឈុតធំភ្នំពេញក្រោន បានបង្ហាញទម្រង់ដ៏ល្អនៅក្នុងការប្រកួតមិត្តភាពរបស់ក្រុម U17  ភ្នំពេញក្រោន ដែលបានធ្វើឡើង ២លើកក្នុងសប្តាហ៍នេះដោយរកគេរកបានរហូតដល់ទៅ ៦គ្រាប់ឯណោះ ។ នៅក្នុងជំនួបជាមួយក្រុម KMH កាលពីល្ងាចថ្ងៃសុក្រ ទី៣ ខែសីហា យុវជនរូបនេះរកបាន ៣គ្រាប់ (hat-trick) មុននឹងបន្តទាត់បញ្ចូលទីបាន ៣គ្រាប់ទៀតក្នុងការប្រកួតជាមួយក្រុម Coffee FC នាព្រឹកថ្ងៃទី៥ ខែសីហានេះ ។

គួររំលឹកថា លឹម ពិសុទ្ធ ស្ថិតនៅក្នុងចំណោមកីឡាករថ្នាលយុវជនទាំង ៧រូបដែលត្រូវបានក្លឹបផ្តល់ឱកាសឱ្យចូលរួមជាមួយក្រុមឈុតធំនារដូវកាលនេះក្នុងលក្ខណៈកិច្ចសន្យាហ្វឹកហាត់ជាផ្លូវការដើម្បីទទួលបានបទពិសោធន៍ថ្មីៗតាមរយៈការហ្វឹកហាត់ជាមួយក្រុមរៀមច្បងព្រមទាំងអាចមានវត្តមានក្នុងការប្រកួតមិត្តភាពនានា​ ឬនៅពេលដែលគ្រូបង្គោលក្រុមឈុតធំកោះហៅជាដើម ដោយកីឡាករទាំង ៧រូបនោះរួមមាន៖ លឹម ពិសុទ្ធ, រស់ តារាពេជ្រ, ឈុំ សុខហៃ, ទិន រ៉ូហ្សា, អ៊ុត សុផលដារិទ្ធ, ឆន ចំរើន និង ចែម ណាវីន ។

សូមបញ្ជាក់ដែរថា កាលពី២៨ ខែមេសា ឆ្នាំ២០១៨កន្លងមកថ្មីៗនេះ រូបគេក៏រកបាន ១គ្រាប់ឱ្យក្រុមឈុតធំនៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំ (FFC U18) ដែលកាលណោះភ្នំពេញក្រោនបានយកឈ្នះក្នុងលទ្ធផល ៥-១ នៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ៕

មតិយោបល់


អត្ថបទផ្សេងៗ