ឯកឧត្តមឧកញ៉ា កុក អាន ស្ថាបនិកក្លឹបភ្នំពេញក្រោន បរិច្ចាគ ១លានដុល្លារជូនសម្តេចតេជោដើម្បីទិញវ៉ាក់សាំងកូវីដ១៩

December 8, 2020 - 3:17 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តមឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន ព្រមទាំងលោកជំទាវ បានបរិច្ចាគថវិកាចំនួន១លានដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការបរិច្ចាគរបស់ឯកឧត្តមឧកញ៉ា បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

គួររំលឹកដែរថា កាលអំឡុងខែមីនាឆ្នាំ២០២០កន្លងមក ឯកឧត្តមឧកញ៉ា កុក អាន ក៏បានរួមចំណែកបរិច្ចាគចំនួន ១០មុឺនដុល្លារដើម្បីប្រើប្រាស់សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា ខណៈដែល ឧកញ៉ា ឬទ្ធី សំណាង ក៏បានចូលរួមចំនួន ៨០លានរៀលផងដែរ។

សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ផ្សារភ្ជាប់វិស័យកីឡាដោយថ្នាក់ដឹកនាំក្លឹបបាល់ទាត់ភ្នំពេញក្រោន តែងចូលរួមយ៉ាងសកម្មជាក់ស្តែងក្រៅពីការបណ្តុះបណ្តាលថ្នាលយុវជន ក្រុមបាល់ទាត់នារី និងក្រុមសហគមន៍ហើយនោះ នាពេលកន្លងមក ឧកញ៉ា ឬទ្ធី សំណាង ជាប្រធានក្លឹបគៀងគរបានថវិកាសរុបជាង ៣០មុឺនដុល្លារបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា  និងទើបតែចូលរួមឧបត្ថម្ភ ៥០លានរៀលពីការឈ្នះចំណាត់ថ្នាក់លេខ៣លីគកំពូលកម្ពុជាសម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់ជាង ៨ពាន់គ្រួសារនៅខេត្តបាត់ដំបង ពោធិ៍សាត់  បន្ទាយមានជ័យ ជាមួយនឹងមូលនិធិដែលទទួលបានពីការប្រកួតបាល់ទាត់មិត្តភាពនៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕

មតិយោបល់


អត្ថបទផ្សេងៗ