ឧកញ៉ា ឬទ្ធី សំណាង បរិច្ចាគ ១០មុឺនដុល្លារតាមរយៈរដ្ឋបាលខេត្តព្រះសីហនុដើម្បីទិញវ៉ាក់សាំងកូវីដ១៩

December 12, 2020 - 5:58 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោននិងជាអគ្គនាយកក្រុមហ៊ុន RSX Investment Co., Ltd ព្រមទាំងជាជាម្ចាស់សណ្ឋាគារ KB ផងដែរនោះ បានបរិច្ចាគថវិកាចំនួន ១០មុឺនដុល្លារអាម៉េរិកតាមរយៈរដ្ឋបាលខេត្តព្រះសីហនុដើម្បីជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងCOVID-19 ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ។

គួររំលឹកថា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ឯកឧត្តមឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន ព្រមទាំងលោកជំទាវ ក៏បានបរិច្ចាគថវិកាចំនួន១លានដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងគោលបំណងដូចគ្នានេះដែរ។

សូមបញ្ជាក់ថា កាលអំឡុងខែមីនាឆ្នាំ២០២០កន្លងមក ឧកញ៉ា ឬទ្ធី សំណាង ក៏បានចូលរួមចំនួន ៨០លានរៀលផងដែរជាមួយសាលារដ្ឋបាលខេត្តព្រះសីហនុដើម្បីរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធការរីករាលដាលនៃវីរុសកូវីដ១៩ ខណៈដែលឯកឧត្តមឧកញ៉ា កុក អាន ក៏បានចូលរួមបរិច្ចាគចំនួន ១០មុឺនដុល្លាជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា។

សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ផ្សារភ្ជាប់វិស័យកីឡាដោយថ្នាក់ដឹកនាំក្លឹបបាល់ទាត់ភ្នំពេញតែងចូលរួមយ៉ាងសកម្មជាក់ស្តែងក្រៅពីការបណ្តុះបណ្តាលថ្នាលយុវជន ក្រុមបាល់ទាត់នារី និងក្រុមសហគមន៍ហើយនោះ នាពេលកន្លងមក ឧកញ៉ា ឬទ្ធី សំណាង ជាប្រធានក្លឹបគៀងគរបានថវិកាសរុបជាង ៣០មុឺនដុល្លារបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា  និងទើបតែចូលរួមឧបត្ថម្ភ ៥០លានរៀលពីការឈ្នះចំណាត់ថ្នាក់លេខ៣លីគកំពូលកម្ពុជាសម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់ជាង ៨ពាន់គ្រួសារនៅខេត្តបាត់ដំបង ពោធិ៍សាត់  បន្ទាយមានជ័យ ជាមួយនឹងមូលនិធិដែលទទួលបានពីការប្រកួតបាល់ទាត់មិត្តភាពនៅកីឡដ្ឋាន Smart RSN កាលពីពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕

មតិយោបល់


អត្ថបទផ្សេងៗ