អនុស្សាវរីយ៍ខ្លះៗនៃកីឡដ្ឋាន RSN “ផ្ទះរបស់ក្រុមសិង្ហក្រហម” មុននឹងប្តូរឈ្មោះថ្មីឆាប់ៗនេះ!

March 20, 2019 - 3:35 PM | អត្ថបទដោយ៖ មករា

កាលពីឆ្នាំ២០១៥ កន្លងទៅ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសាងសង់កីឡដ្ឋានដ៏ប្រណិតមួយដើម្បីធ្វើជាមូលដ្ឋានរបស់ខ្លួនដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ១៨០០ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ កីឡដ្ឋាននេះមានទីលានស្មៅធម្មជាតិ និងអាចផ្ទុកអ្នកទស្សនាបានចំនួន ៥០០០នាក់ ហើយមានឈ្មោះថា “កីឡដ្ឋាន RSN ឬ RSN Stadium” ដែលជាអក្សរកាត់ជាភាសាអង់គ្លេសមកពីឈ្មោះរបស់ប្រធានក្លឹបគឺ លោកឧកញ៉ា ឬទ្ធី សំណាង (Rithy Sam Nang) ផ្ទាល់ដើម្បីជាកិត្តិយសចំពោះការលះបង់របស់លោកក្នុងបេសកកម្មដឹកនាំ និងអភិវឌ្ឍន៍ក្លឹបបាល់ទាត់ដ៏ធំមួយនេះ ដោយលោកឧកញ៉ាបានចំណាយធនធាន ពេលវេលា ក៏ដូចជាការយកចិត្តទុកដាក់មិនស្រកស្រុតគិតចាប់តាំងពីដែលលោកបានចូលមកដឹកនាំក្លឹបភ្នំពេញក្រោនកាលពីអំឡុងឆ្នាំ២០០៨ មកនោះ។


កីឡដ្ឋាននេះរួមមានហេដ្ឋារចនាសម្ព័ន្ធនានាដូចជា បន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់របស់កីឡាករ, សាល VIP, អាហារដ្ឋាន ព្រមទាំងកន្លែងហាត់ប្រាណផងដែរ ។ នៅឆ្នាំបន្ទាប់ (២០១៦) ក្លឹបបានចំណាយប្រាក់ប្រមាណជាង ៣០មុឺនដុល្លារអាមេរិគដើម្បីផ្លាស់ប្តូរអំពូលភ្លើងបំភ្លឺទីលានស្របទៅតាមស្តង់ដាសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាសុី (AFC) ខណៈកាលពីដើមឆ្នាំ២០១៩នេះ ក្លឹបក៏ទើបតែបានបំពាក់កៅអីថ្មីនៅសាលមានដំបូល (Grand Stand) ជាមួយនឹងរង្វង់ចំណាយជាង ៧មុឺនដុល្លារថែមទៀត។

អស់រយៈកាលជាង ៤ឆ្នាំមកនេះ កីឡដ្ឋាន RSN បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើន ជាពិសេសសម្រាប់អ្នកគាំទ្រដែលតែងតែចាត់ទុកថាទីនេះគឺ “ផ្ទះ” របស់ពួកគេក្នុងនាមជា “គ្រួសារតែមួយ” ដែលមាន “បេះដូងតែមួយ” ដូចគ្នា គឺការគាំទ្រដ៏ខ្លាំងក្លាប្រកបដោយភក្តីភាពចំពោះ “ក្រុមសិង្ហក្រហម” ដែលធ្លាប់គ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ៦សម័យកាល រួមទាំងពានសម្តេចតេជោហ៊ុន សែន ២លើកផងនោះ។ អ្វីដែលមិនអាចបំភ្លេចបាននោះគឺក្នុងឆ្នាំដំបូងនៃការសម្ពោធឱ្យប្រើប្រាស់កីឡដ្ឋាន RSN ជាផ្លូវការ ក្រុមភ្នំពេញក្រោន ក៏បានឈ្នះជើងឯកលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៥ ដែលជាជ័យជម្នះលើកទី៦ របស់ខ្លួនតែម្តង។

ជាការកត់សម្គាល់ ចាប់តាំងពីការបើកប្រើប្រាស់ជាផ្លូវការមក កីឡដ្ឋាន RSN បានក្លាយជាមូលដ្ឋានសម្រាប់ក្រុមភ្នំពេញក្រោនទាំងក្នុងការប្រកួតពានសម្តេចតេជោហ៊ុន សែន និងលីគគំពូលកម្ពុជារួមជាមួយនឹងការផ្តល់ទីលានសម្រាប់ព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀតដូចជាការប្រកួត RSN Youth Cup, Asia Champion Trophy (U18) 2015, International Friendly Match of Morocco vs Cambodia All-Stars, វគ្គជម្រុះ AFC Cup 2016, វគ្គជម្រុះ AFF Suzuki Cup 2016 (Laos vs Brunei) និងវគ្គជម្រុះពូលពាន AFF U22 Championship 2019 (Malaysia vs Myanmar) ជាដើម។

យ៉ាងណាក៏ដោយ នាពេលឆាប់ៗនេះកីឡដ្ឋាន RSN នឹងត្រូវប្តូរឈ្មោះថ្មីបន្ទាប់ពីទទួលបានការទិញសិទ្ធិលើឈ្មោះកីឡដ្ឋាននេះ (Title Sponsor) ពីក្រុមហ៊ុនដ៏ធំមួយរួចមកដោយពិធីប្រកាសនឹងធ្វើជាផ្លូុវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ខាងមុខ៕

មតិយោបល់


អត្ថបទផ្សេងៗ